ឡាករអត្តពលកម្មជម្រើសជាតិកម្ពុជា ឈុន ប៊ុនថន ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ នឹងបើកយុទ្ធនាការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hanzhou ប្រទេសចិន នាព្រឹកថ្ងៃទី៣០ ខែកញ្ញាស្អែកនេះ លើវិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ។
បេសកកម្មនេះ ប៊ុនថន នឹងត្រូវធ្វើការប្រកួត ២វិញ្ញាសា រួមមានវិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ដែលត្រូវប្រកួតនៅថ្ងៃទី៣០ ខែកញ្ញាស្អែកនេះ និងវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ដែលជាវិញ្ញាសារូបគេ ទើបដណ្ដើមបានមេដាយមាសស៊ីហ្គេមចុងក្រោយ គ្រោងនឹងធ្វើការប្រកួតនាថ្ងៃទី០២ ខែតុលាខាងមុខ ។
គួរដឹងថា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំនេះ កីឡាអត្តពលកម្មកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ១០រូបចូលរួមប្រកួត ។ ប៉ុន្ដែមុនឈានដល់ការប្រកួតរបស់កីឡាករមេដាយមាសស៊ីហ្គេមរបស់កម្ពុជា ឈុន ប៊ុនថន នៅរាត្រីថ្ងៃទី២៩ ខែកញ្ញានេះ ក៏មានកីឡាករ-កីឡាការិនី ៣រូប ត្រូវធ្វើការប្រកួតផងដែរ រួមមានកីឡាករ ប៉ែន សុគង់, ណឹប ច័ន្ទយ៉ូរ៉ុង និងកីឡាការិនី សាង លីដា ដែលត្រូវប្រកួតវិញ្ញាសារត់ចម្ងាយ ១០០ម៉ែត្រដូចគ្នា ។
ក្រៅពីកីឡាអត្តពលកកម្ម នៅថ្ងៃសុក្រនេះដែរ ក៏មានប្រភេទកីឡាជាក្រុម ២ប្រភេទកីឡា ត្រូវធ្វើការប្រកួតផងដែរ រួមមានកីឡាបាល់បោះកម្ពុជា ដែលត្រូវប្រកួតបង្គ្រប់កិច្ចពូលD លើវិញ្ញាសាបាល់បោះ ៣នាក់ ទល់ ៣នាក់ ជាមួយក្រុមខ្លាំងកាតា បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតកន្លងមកឈ្នះ ១ និងចាញ់២ ។ រីឯមួយប្រភេទកីឡាទៀត គឺកីឡាគ្រិកឃីត ដែលត្រូវប្រកួតបញ្ចប់ពូលB ជាមួយក្រុមហុងកុង។
សូមបញ្ជាក់ថា កម្ពុជា បានបញ្ចូនប្រតិភូ និងអត្តពលិកសរុបជិត ១៩០នាក់ លើ ១៧ប្រទេសកីឡា ចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ខណៈមកទល់ពេលនេះ មានអត្តពលិក ៥ប្រភេទកីឡាហើយ ដែលបានបញ្ចប់ការប្រកួតរបស់ខ្លួន តែពុំទទួលបានមេដាយអ្វីឡើយ គឺមានកីឡាបាល់ទះបុរសក្នុងសាល យូដូ គុនដាវ តេក្វាន់ដូ WT និងកីឡាហែលទឹក៕ អត្ថបទ លី ឈុនឡា