ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខ ហាមដាច់ខាតមិនឱ្យមានការយកចិញ្ចើមផ្លូវ២៧១ ធ្វើអាជីវកម្មលក់ដូរបន្លែត្រីសាច់ ទៅថ្ងៃមុខទៀតនោះទេ ប្រសិនបើមាន កម្លាំងអាជ្ញាធរ នឹងមានវិធានការរដ្ឋបាល ចំពោះបងប្អូនពលរដ្ឋទាំងឡាយដែលមិនចូលរួម ។
ការបញ្ជាក់របស់លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ លើកឡើងក្នុងគ្រាដែលកម្លាំងអាជ្ញាធរខណ្ឌសែនសុខ ដែលដឹកនាំដោយរូបលោកផ្ទាល់ បានចុះអនុវត្តវិធានការណ៍រដ្ឋបាលលើក្រុមពលរដ្ឋអ្នកលក់ដូរបន្លែត្រីសាច់ទាំងឡាយ ដែលបានយកចិញ្ចើមផ្លូវ២៧១ ធ្វើអាជីវកម្មលក់ដូរ បង្កការប៉ះពាល់បរិស្ថានអនាម័យ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ នាវេលាទាបភ្លឺថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៣នេះ ។
លោកអភិបាលរងខណ្ឌ បានបញ្ជាក់ឱ្យដឹងថា ចិញ្ចើមផ្លូវប្រវែងជិត៥០០ម៉ែត្រប៉ុណ្ណោះ ដែលស្ថិតក្នុងមូលដ្ឋានខណ្ឌសែនសុខ ដោយគិតចាប់ពីស្តុបណូគា ដល់ព្រុំប្រទល់ជាមួយខណ្ឌមានជ័យ ត្រូវបានពលរដ្ឋអ្នកលក់ដូរ យកធ្វើអាជីវកម្មនៅរៀងរាល់ពេលទាបភ្លឺ រហូតដល់ព្រឹកព្រលឹមស្រឿងៗ ដោយការដាក់លក់នេះដែរ ប្រសិនបើអាជ្ញាធរ មិនមានវិធានការនោះទេ ប្រាកដជាមានបងប្អូនអ្នកលក់ដូរដទៃ នាំគ្នាមកដាក់លក់ដូរជាបន្តបន្ទាប់ច្រើនឡើងៗ បង្កឱ្យបាត់បង់របៀបរៀបរយសាធារណៈ ខណៈដែលផ្លូវនេះ ជាផ្លូវដ៏សំខាន់មួយក្នុងរាជធានីភ្នំពេញ បម្រើដល់ការធ្វើដំណើររបស់ពលរដ្ឋទូទៅ ។
សូមបញ្ជាក់ថា មុនឈានដល់ការចុះអនុវត្ត កម្លាំងអាជ្ញាធរខណ្ឌ បានចុះអប់រំណែនាំចំនួន២លើកផងដែរ លើក្រុមអ្នកលក់ដូរ ។ ជាលទ្ធិផល នៅថ្ងៃអនុវត្តវិធានការរដ្ឋបាលនេះ គឺពុំមានការដាក់លក់នោះទេ ដោយក្រុមអ្នកលក់ដូរបានរើការលក់ពីខណ្ឌសែនសុខ ទៅលក់នៅម្ខាងផ្លូវទៀត ដែលស្ថិតនៅលើផ្លូវលេខ២៧១ ដដែល ប៉ុន្តែស្ថិតក្នុងខណ្ឌទួលគោក និងខណ្ឌមានជ័យ ជំនួសវិញ ។
ជុំវិញបាតុភាពនេះដែរ កន្លងទៅអាជ្ញាធរខណ្ឌមានជ័យ និងខណ្ឌទួលគោក ក៏ធ្លាប់បានចុះអប់រំណែនាំលើក្រុមអ្នកលក់ដូរមិនឱ្យលក់ផងដែរ ប៉ុន្តែពួកគាត់ស្តាប់តែពេលមានកម្លាំងចុះទៅ លុះពេលចេញអស់ គាត់ក៏ត្រឡប់មកលក់វិញដដែល ៕ អត្ថបទ ៖ លីហេង





