សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ (២៨ កញ្ញា) បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួនពីរ រួមទាំងក្រុមហ៊ុនមួយមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី ព្រមទាំងបុគ្គលមួយរូបដែលខ្លួនបានចោទប្រកាន់ថា បានធ្វើឱ្យមានអស្ថិរភាពនៅក្នុងប្រទេសស៊ូដង់កាន់តែខ្លាំង ខណៈដែលការប្រយុទ្ធគ្នាបានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ និងជម្លៀសប្រជាជនរាប់លាននាក់នៅក្នុងប្រទេសមួយនេះ។

សកម្មភាពនេះ គឺជាការដាក់ទណ្ឌកម្មចុងក្រោយបង្អស់ ដែលបានដាក់ដោយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីសង្គ្រាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានផ្ទុះឡើងកាលពីខែមេសា ជុំវិញផែនការសម្រាប់ការផ្លាស់ប្តូរនយោបាយ និងការធ្វើសមាហរណកម្មនៃកងកម្លាំង RSF ទៅក្នុងកងទ័ពស៊ូដង់ រយៈពេលបួនឆ្នាំបន្ទាប់ការកាន់កាប់ពីរយៈពេលយូររបស់លោក Omar al-Bashir ត្រូវបានផ្ដួលរំលំនៅក្នុងការបះបោរដ៏ពេញនិយមមួយ។
លោក Brian Nelson អនុរដ្ឋមន្ត្រីក្រសួងរតនាគារទទួលបន្ទុកស៊ើបការណ៍ភេរវកម្ម និងហិរញ្ញវត្ថុបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សកម្មភាពនេះ គឺដាក់ឲ្យអ្នកដែលបានកាត់បន្ថយកិច្ចខិតខំប្រឹងប្រែង ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព និងប្រជាធិបតេយ្យនៅក្នុងប្រទេសស៊ូដង់ ទទួលខុសត្រូវចំពោះអស្ថិរភាពទាំងឡាយ ដែលកើតមាននៅក្នុងប្រទេសនេះ»៕
