
អំពើហិង្សាបានកក្រើករដ្ឋម៉ានីពួរ(Manipur) ភាគឦសានប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ ២៩ ខែកញ្ញា ស្របពេលមន្ត្រីសន្តិសុខបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកក្រុមបាតុករ បន្ទាប់ពីភាពតានតឹង នៃក្រុមជនជាតិភាគតិច ត្រូវបានផ្ទុះឡើងវិញ ពាក់ព័ន្ធការចោទប្រកាន់ថា បានសម្លាប់និស្សិតពីរនាក់ដែលបានបាត់ខ្លួនកាលពីខែកក្កដា។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាហ្វូងមនុស្សបានវាយប្រហារលំនៅដ្ឋានឯកជនរបស់ រដ្ឋមន្រ្តីប្រចាំរដ្ឋ លោក Biren Singh ទោះជាយ៉ាងណាក៏ដោយ នគរបាល បានច្រានចោលថា នេះជារឿងមិនពិត និងបំភាន់ ។
និស្សិតទាំងពីរនាក់ដែលសាកសពត្រូវបានរកឃើញក្នុងសប្តាហ៍នេះ បន្ទាប់ពីពួកគេបានបាត់ខ្លួនកាលពីខែកក្កដា គឺមកពីសហគមន៍ មីតី (Meitei) ។ គ្រួសាររបស់ពួកគេ និងមេដឹកនាំសហគមន៍ បានចោទប្រកាន់ពួកសកម្មប្រយុទ្ធគូគី(Kuki) ថាបានសម្លាប់ពួកគេ ខណៈ បានរិះគន់អាជ្ញាធរថាមិនបានបញ្ឈប់អំពើហិង្សា។ ពេលនេះស្ថាប័នស៊ើបអង្កេតសហព័ន្ធកំពុងស្រវជ្រាវករណីនេះ។
ក្រុមអាជ្ញាធរបានប្រកាសអនុវត្តបម្រាមគោចរមិនកំណត់នៅទីក្រុង Imphal និងតំបន់មួយចំនួនទៀតក្រោយការប៉ះទង្គិចគ្នាកាលពីថ្ងៃពុធ ទី២៧ ខែកញ្ញា បន្ទាប់ពីការតវ៉ាប្រឆាំងនឹងការចោទប្រកាន់ពីបទចាប់ពង្រត់ និងសម្លាប់និស្សិតពីរនាក់
សេវាអ៊ីនធឺណិតតាមទូរស័ព្ទចល័តត្រូវបានផ្អាកនៅក្នុងរដ្ឋនេះ រយៈពេល៧ថ្ងៃ។ រដ្ឋមន្រ្តីប្រចាំរដ្ឋមកពីគណបក្សរបស់នាយករដ្ឋមន្ត្រី Narendra Modi បានរិះគន់ការសង្ស័យថាជាឃាតកម្ម និងបានប្តេជ្ញាដាក់ទណ្ឌកម្មអតិបរមាចំពោះពិរុទ្ធជន៕