រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគី បានឲ្យដឹង នៅថ្ងៃអាទិត្យ (ទី១ ខែតុលា) នេះ ថា ភេរវករ ២នាក់ បានធ្វើការវាយប្រហារដោយគ្រាប់បែក នៅមុខអគារក្រសួង ក្នុងទីក្រុងអង់ការ៉ា ដោយបន្ថែមថា ម្នាក់ក្នុងចំណោមពួកគេនោះ បានស្លាប់នៅក្នុងការបំផ្ទុះនោះ និងម្នាក់ទៀតត្រូវបាន «ទប់ស្កាត់» ដោយអាជ្ញាធរ នៅទីនោះ។

ប្រព័ន្ធផ្សព្វផ្សាយទួរគីមុននេះ បានរាយការណ៍ថា ការផ្ទុះមួយត្រូវបានឮ នៅក្បែររដ្ឋសភា និងអគារក្រសួង ហើយប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញនូវរូបភាពវីដេអូនៃកម្ទេចកម្ទី ដែលរាយប៉ាយ នៅតាមដងផ្លូវក្បែរក្រសួងមហាផ្ទៃ។ រូបភាពរបស់សារព័ត៌មាន Reuters បានបង្ហាញឲ្យឃើញទាហាន រថយន្តសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យ និងរថពាសដែក បានប្រមូលផ្តុំគ្នានៅជិតចំណុចកណ្តាលរដ្ឋធានីរបស់ទួរគី ជាកន្លែងដែលនគរបាល បានបិទផ្លូវជាច្រើននៅក្បែរនោះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Ali Yerlikaya បានប្រាប់ឲ្យដឹងតាមរយៈប្រព័ន្ធបណ្ដាញសង្គម X ថា មន្ត្រីនគរបាល ២នាក់ បានរងរបួសបន្តិចបន្តួច ក្នុងហេតុការណ៍នេះ ដែលកើតឡើងនៅវេលាម៉ោង ៩:៣០ ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៦:៣០ ម៉ោងសកល) ។
លោកបាននិយាយថា៖ «ភេរវករ ២នាក់ បានទៅដល់ទីនោះដោយរថយន្តពាណិជ្ជកម្មធុនស្រាល នៅមុខច្រកចូលនៃអគ្គនាយកដ្ឋានសន្តិសុខរបស់ក្រសួងកិច្ចការផ្ទៃក្នុងរបស់យើង ហើយបានធ្វើការវាយប្រហារដោយគ្រាប់បែក»។ លោកបានបន្ថែមថា ម្នាក់បានបំផ្ទុះខ្លួនឯង ហើយម្នាក់ទៀត ត្រូវបាន «ទប់ស្កាត់» ដែលជាធម្មតាមានន័យថា ត្រូវបានសម្លាប់។
ប្រធានរដ្ឋអាជ្ញារបស់ទីក្រុងអង់ការ៉ា បានបើកការស៊ើបអង្កេតលើអ្វីដែលខ្លួនហៅថា ជាការវាយប្រហារភេរវកម្មនេះ ខណៈដែលអាជ្ញាធរ មិនទាន់បានកំណត់អត្តសញ្ញាណក្រុមសកម្មប្រយុទ្ធជាក់លាក់ណាមួយនៅឡើយទេ៕


