អាមេនី៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR បាននិយាយកាលពីថ្ងៃអាទិត្យ (១ តុលា) ថា ជនភៀសខ្លួនជាង១០០.០០០នាក់ បានទៅដល់ប្រទេសអាមេនី ចាប់តាំងពីមានប្រតិបត្តិការយោធារបស់អាស៊ែបៃហ្សង់ ដើម្បីដណ្តើមកាន់កាប់តំបន់ណាហ្គ័រណូ-ការ៉ាបាក់ មកវិញ។
បន្ទាប់ពីការវាយលុករបស់អាស៊ែបៃហ្សង់ ក្នុងការដណ្ដើមតំបន់បំបែក ណាហ្គ័រណូ-ការ៉ាបាក់ ទៅកាន់ការគ្រប់គ្រងរបស់ខ្លួនវិញ ជនជាតិអាមេនីចំនួន១២ម៉ឺននាក់ របស់ទីក្រុងការ៉ាបាក់នេះ បានចាប់ផ្តើមនូវអ្វីដែលក្លាយជាការភៀសខ្លួនដ៏ធំបំផុតទៅកាន់ប្រទេសអាមេនី ដោយមនុស្សជាច្រើននិយាយថា ពួកគេភ័យខ្លាចការធ្វើទុក្ខបុកម្នេញ និងការបោសសម្អាតជនជាតិភាគតិច បើទោះបីជាមានការសន្យារបស់អាស៊ែបៃហ្សង់ អំពីសុវត្ថិភាពរបស់ប្រជាជនទាំងនោះក៏ដោយ។
តំបន់ណាហ្គ័រណូ-ការ៉ាបាក់ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ថាជាផ្នែកមួយនៃអាស៊ែបៃហ្សង់ ប៉ុន្តែប្រជាជនភាគច្រើនជាពួកគ្រិស្តសាសនិកអាមេនី ដែលបានបង្កើតសាធារណរដ្ឋស្វ័យប្រកាស អាតសាក់ (Artsakh) កាលពីរយៈពេលបីទសវត្សរ៍មុន បន្ទាប់ពីជម្លោះក្រុមជនជាតិភាគតិចដ៏បង្ហូរឈាម នៅពេលដែលសហភាពសូវៀតដួលរលំមក៕

