នាយកដ្ឋានអាកាសធាតុររដ្ឋរបស់ឥណ្ឌា បាននិយាយកាលពីថ្ងៃសៅរ៍ (៣០ កញ្ញា) ថា កមិ្រតទឹកភ្លៀងមូសុងរបស់ប្រទេសឥណ្ឌាក្នុងឆ្នាំនេះ គឺទាបបំផុតក្នុងរយៈពេល៥ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៨មក ដោយសារគំរូអាកាសធាតុ អ៊ែល នីញ៉ូ បានធ្វើឱ្យខែសីហា ជាខែស្ងួតបំផុតក្នុងរយៈពេលជាងមួយសតវត្សរ៍។

ខ្យល់មូសុងដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចចំនួន៣សែនកោដិ៍ដុល្លាររបស់ឥណ្ឌា នាំមកជិត៧០ភាគរយនៃទឹកភ្លៀង ដែលប្រទេសនេះត្រូវការ សម្រាប់ដំណាំ ព្រមទាំងបំពេញអាងស្តុកទឹក និងអាងចិញ្ចឹមត្រីផងដែរ។
ស្ទើរតែពាក់កណ្តាលនៃដីស្រែក្នុងប្រទេស ដែលមានប្រជាជនច្រើនជាងគេលើពិភពលោកនេះ បានខ្វះខាតប្រព័ន្ធធារាសាស្រ្ត ធ្វើឱ្យភ្លៀងមូសុងកាន់តែមានសារៈសំខាន់សម្រាប់ផលិតកម្មកសិកម្ម។
ឱនភាពទឹកភ្លៀងនៅរដូវក្ដៅ អាចធ្វើឱ្យអាហារសំខាន់ៗដូចជា ស្ករ គ្រាប់ធញ្ញជាតិ អង្ករ និងបន្លែ ឡើងថ្លៃកាន់តែខ្លាំង ព្រមទាំងធ្វើឱ្យអតិផរណាអាហារទាំងមូលកើនឡើងយ៉ាងគំហុកផងដែរ។
ផលិតកម្មទាបក៏អាចជំរុញឱ្យប្រទេសឥណ្ឌា ដែលជាប្រទេសផលិតអង្ករ ស្រូវសាលី និងស្ករធំជាងគេទីពីររបស់ពិភពលោក ដាក់ការទប់ស្កាត់បន្ថែមទៀតលើការនាំចេញទំនិញទាំងនេះ។
នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្លៀងធ្លាក់ទូទាំងប្រទេស ក្នុងអំឡុងខែមិថុនា ដល់ខែកញ្ញា គឺមានកម្រិត៩៤ភាគរយ នៃរយៈពេលមធ្យមដ៏វែងរបស់វា ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០១៨មក៕
