លោក ចូសិប បូរ៉ែល ( Josep Borrell) អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានថ្លែងថា ការគាំទ្ររបស់អឺរ៉ុបសម្រាប់អ៊ុយក្រែន គឺថេរ និងមានរចនាសម្ព័ន្ធត្រឹមត្រូវ ហើយមិនអាស្រ័យលើដំណើរការវិវឌ្ឍនៃសង្រ្គាមនោះទេ។

លោកបូរ៉ែល បាននិយាយថា៖«ការគាំទ្ររបស់យើងចំពោះអ៊ុយក្រែន មិនអាស្រ័យលើរបៀបដែលសង្រ្គាមនឹងកើតឡើង នៅថ្ងៃបន្ទាប់ ឬសប្តាហ៍បន្ទាប់នោះទេ។ ទាហានអ៊ុយក្រែន កំពុងប្រយុទ្ធដោយភាពក្លាហានបំផុត នៅមុខបន្ទាយការពារដ៏រឹងមាំរបស់រុស្ស៊ី។ រូបភាពផ្កាយរណបបង្ហាញថា ក្នុងករណីខ្លះ បន្ទាយទាំងនេះមានជម្រៅដល់ទៅ ២៥គីឡូម៉ែត្រ»។
អ្នកការទូតអ៊ឺរ៉ុបរូបនេះ បានបញ្ជាក់ថា ប្រតិបត្តិការវាយលុក ត្រូវបានរារាំងដោយគ្រាប់មីនដ៏ក្រាស់។
លោកបានសង្កត់ធ្ងន់ថា EUប្រឈមមុខនឹងការគំរាមកំហែងរួចស្រេចទៅហើយ ដូច្នេះការគាំទ្រសម្រាប់អ៊ុយក្រែន«មិនអាស្រ័យលើការរុលទៅមុខក្នុងរយៈពេលមួយថ្ងៃនោះទេ»។
អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបនេះ បានសន្និដ្ឋានថា៖«ប្រជាជនអ៊ុយក្រែន កំពុងប្រយុទ្ធដោយភាពអង់អាចនិងសមត្ថភាពរបស់ពួកគេ ហើយប្រសិនបើយើងចង់ឲ្យពួកគេទទួលបានជោគជ័យបន្ថែមទៀត យើងត្រូវផ្តល់ឲ្យពួកគេនូវអាវុធកាន់តែល្អនិងលឿនជាងមុន»។

