
ស្ថាប័នផ្តល់ពានរង្វាន់ណូបែល នៅថ្ងៃចន្ទ (ទី២ ខែតុលា) បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រលោកស្រី Katalin Kariko និងលោក Drew Weissman បានឈ្នះពានរង្វាន់នេះផ្នែកសរីរវិទ្យា ឬវេជ្ជសាស្ត្រ ឆ្នាំ២០២៣ ដោយសារការស្រាវជ្រាវរកឃើញ ដែលអាចនាំមានការអភិវឌ្ឍន៍វ៉ាក់សាំង ដែលប្រើបច្ចេកវិទ្យាបញ្ជូនសារ (mRNA) ប្រឆាំងនឹងជំងឺកូវីដ-១៩។
ពានរង្វាន់ ដែលស្ថិតក្នុងចំណោមពានរង្វាន់ដ៏មានកិត្យានុភាពបំផុត នៅក្នុងពិភពវិទ្យាសាស្ត្រនោះ ត្រូវបានជ្រើសរើស ដោយក្រុមប្រឹក្សារបស់ស្ថាប័នផ្ដល់ពានរង្វាន់ណូបែលនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Karolinska របស់ប្រទេសស៊ុយអែត ហើយវាក៏ត្រូវប្រគល់ជូនដោយភ្ជាប់មកជាមួយនឹងរង្វាន់ទឹកប្រាក់ ១១លានក្រូណា (ប្រហែល ១លានដុល្លារអាមេរិក) ផងដែរ។
លោកស្រី Kariko ដែលមកពីប្រទេសហុងគ្រី គឺជាអនុប្រធានជាន់ខ្ពស់ និងជាប្រធានផ្នែកព្យាបាលដោយប្រើប្រូតេអ៊ីនជំនួស RNA នៅក្រុមហ៊ុន BioNTech រហូតដល់ឆ្នាំ២០២២ ហើយចាប់តាំងពីពេលនោះមកលោកស្រីបានធ្វើតួនាទីជាអ្នកប្រឹក្សាក្រុមហ៊ុន។
លោកស្រីក៏ជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Szeged ក្នុងប្រទេសហុងគ្រី និងជាសាស្ត្រាចារ្យរង នៅសាលាវេជ្ជសាស្ត្រ Perelman នៃសាកលវិទ្យាល័យ Pennsylvania ហើយលោក Weissman របស់សហរដ្ឋអាមេរិក គឺជាសាស្រ្តាចារ្យផ្នែកស្រាវជ្រាវវ៉ាក់សាំង នៅសាលាវេជ្ជសាស្ត្រ Perelman នេះដែរ៕