ហ្ស៊ីមបាបវ៉េ៖ កាលពីថ្ងៃចន្ទ (២ តុលា) ក្រុមអាជ្ញាធរហ្ស៊ីមបាបវ៉េ នៅតែបន្តស្វែងរកអ្នកនៅរស់រានមានជីវិត ដែលបានជាប់ខ្លួននៅក្រោមដី នៅពេលអណ្តូងរ៉ែមាសដែលបានបោះបង់ចោលបានបាក់កាលពីសប្តាហ៍មុន ខណៈសាច់ញាតិជនរងគ្រោះមួយចំនួន ចាប់ផ្តើមបាត់បង់ក្តីសង្ឃឹមដែលថាមនុស្សជាទីស្រលាញ់របស់ពួកគេអាចនៅមានជីវិត។
គ្រោះថ្នាក់នៅក្នុងអណ្តូងរ៉ែដែលប្រើប្រាស់រួច គឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសហ្ស៊ីមបាបវ៉េ ជាទីដែលសិប្បករ ឬក្រុមអ្នករុករករ៉ែតូចតាច ប្រឆាំងនឹងក្រុមអាជ្ញាធរដោយការជីកយករ៉ែនៅក្នុងកំណាត់ថ្មចាស់ៗ ដែលងាយនឹងដួលរលំ។
ឧប្បត្តិហេតុចុងក្រោយនេះ បានកើតឡើងនៅភូមិ Chegutu ចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគខាងលិចនៃរដ្ឋធានី ហារ៉ារ៉េ កាលពីថ្ងៃសុក្រ (២៩ កញ្ញា)។
អនុប្រធានាធិបតីហ្ស៊ីមបាបវ៉េ លោក Constantino Chiwenga បានប្រាប់សារព័ត៌មាន SM ថា មនុស្ស១៣នាក់បានស្លាប់ ក្នុងការបាក់រលំនោះ នៅក្នុងទីតាំងអណ្ដូងរ៉ែដែលមិនបានបិទឱ្យបានត្រឹមត្រូវ។
អនុរដ្ឋមន្ត្រីក្រសួងរ៉ែ លោក Polite Kambamura មិនអាចប្រាប់បានទេថា តើមានមនុស្សប៉ុន្មាននាក់ទៀត ដែលជាប់នៅក្រោមដី បន្ទាប់ពីអណ្តូងរ៉ែដែលមានជម្រៅ៧០០ម៉ែត្រ បានដួលរលំ។
សមាជិកគ្រួសារជនរងគ្រោះរាប់សិបនាក់ បានទន្ទឹងរង់ចាំដោយសង្ឃឹមថា នឹងមានដំណឹងពីសាច់ញាតិខ្លួន ខណៈអ្នកខ្លះព្រួយបារម្ភថា អ្នកបាត់ខ្លួនទាំងនោះអាចនឹងបាត់បង់ជីវិតបាត់ទៅហើយ៕

