ទួរគី៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគី លោក Ali Yerlikaya បាននិយាយថា នគរបាលប្រឆាំងភេរវកម្មទួរគី បានចាប់ឃុំខ្លួនមនុស្ស២០នាក់ កាលពីព្រឹកថ្ងៃចន្ទ (២ តុលា) ក្នុងការវាយឆ្មក់កំណត់គោលដៅក្រុមមនុស្សដែលមានទំនាក់ទំនងនឹងពួកសកម្មប្រយុទ្ធឃឺដ។
លោក Yerlikaya បាននិយាយនៅលើបណ្ដាញសង្គម X ថា អ្នកនាំពាក្យថ្នាក់ខេត្តជនជាតិឃឺដម្នាក់ និងបណ្ដាប្រធានស្រុកនៃគណបក្សនយោបាយគាំទ្រជនជាតិឃឺដដ៏ធំមួយ បានស្ថិតក្នុងចំណោមអ្នកដែលត្រូវឃុំខ្លួននោះ ដោយសង្ស័យថាបានប្រមូលជំនួយ និងផ្តល់ទីជម្រកសម្រាប់សមាជិកប្រឆាំងនៃគណបក្សពលករឃើឌីស្ថាន (PKK) ដែលមិនស្របច្បាប់។
កាលពីព្រឹកថ្ងៃអាទិត្យ (១ តុលា) ក្រុមអ្នកវាយប្រហារពីរនាក់ បានបំផ្ទុះគ្រាប់បែកនៅជិតអគាររដ្ឋាភិបាលក្នុងទីក្រុងអង់ការ៉ា ដោយបានបណ្ដាឲ្យជនដៃដល់ទាំងពីរនាក់បានស្លាប់ និងរបួសមន្ត្រីនគរបាលពីរនាក់។
គណបក្សពលករ PKK ដែលត្រូវបានចាត់ទុកជាអង្គការភេរវករដោយប្រទេសទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្រោយមកបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារគ្រាប់បែកលើរដ្ឋធានីប្រទេសទួរគីមួយនេះ។
ការវាយប្រហារដោយគ្រាប់បែកនៅលើមហាវិថី Ataturk គឺជាឧបទ្ទវហេតុលើកទីមួយក្នុងទីក្រុងអង់ការ៉ា ចាប់តាំងពីឆ្នាំ២០១៦មក នៅពេលមានការវាយប្រហារនៅក្នុងបណ្ដាទីក្រុងរបស់ទួរគី ដែលអះអាងទទួលខុសត្រូវដោយពួកសកម្មប្រយុទ្ធឃឺដ រដ្ឋអ៊ីស្លាម និងក្រុមផ្សេងៗទៀតផងដែរ៕

