ម៉ិកស៊ិក៖ ជនអន្តោប្រវេសន៍រាប់រយនាក់ នៅប្រទេសម៉ិកស៊ិកភាគខាងត្បូង កាលពីថ្ងៃចន្ទបានរង់ចាំរថយន្តក្រុងទៅកាន់ភាគខាងជើង ក្នុងកម្មវិធីរដ្ឋាភិបាលថ្មី ដែលមានន័យថានឹងជួយរៀបចំចំនួនមនុស្សមកដល់ខណៈប្រធានាធិបតីម៉ិកស៊ិក និយាយថាមនុស្ស ១០.០០០នាក់ បានទៅដល់ព្រំដែនសហរដ្ឋអាមេរិករាល់ថ្ងៃ។
នៅចំណតរថយន្តក្រុមមួយកន្លែង ក្នុងទីក្រុង Juchitan រដ្ឋ Oaxaca ជនអន្តោប្រវេសន៍មួយចំនួន និយាយថា ពួកគេ នឹងចូលទៅសហរដ្ឋអាមេរិកដោយមានការណាត់ជួប ដែលត្រូវធានាបានតាមរយៈ កម្មវិធី របស់រដ្ឋាភិបាលអាមេរិក CBP One និងសំណើសុំសិទ្ធជ្រកកោន។
នៅក្នុងតំបន់នេះមនុស្សប្រមាណ៤០០នាក់ រួមមានទាំងគ្រួសារដែលមានកូនតូចៗ បានរង់ចាំរថយន្តក្រុងទៅកាន់រដ្ឋធានីរបស់រដ្ឋ ឬទីក្រុង Mexico City។
មន្ត្រីរដ្ឋ Oaxaca បានបើកទីតាំងនេះកាលពីសប្តាហ៍មុនក្នុងកិច្ចប្រឹងប្រែងដើម្បីកាត់បន្ថយហានិភ័យសម្រាប់ជនអន្តោប្រវេសន៍ ដែលបានមកប្រមូលផ្តុំគ្នាក្នុងចំនួនដ៍ច្រើននៅចំណតរថយន្តក្រុងក្នុងតំបន់ ខណៈព្យាយាមទិញសំបុត្ររថយន្តក្រុងទៅភាគខាងជើង។ ជនអន្តោប្រវេសន៍ ត្រូវចំណាយប្រាក់ផ្ទាល់ខ្លួនសម្រាប់ថ្លៃឈ្នួល ហើយមនុស្សមួយចំនួនបាននិយាយថាពួកគេរង់ចាំលុយផ្ទេរមកពីសាច់ញាតរបស់ពួកគេ ឬស្វែងរកការងារធ្វើដើម្បីបង្កើនមូលនិធិ។
ប្រធានាធិបតី ម៉ិកស៊ិក លោក Andres Manuel Lopez Obrador នៅក្នុងសន្និសីទសារព័ត៌មានពេលព្រឹករបស់លោក កាលពីថ្ងៃចន្ទ បាននិយាយថា មនុស្សប្រមាណ ៦.០០០នាក់ កំពុងចូលមកប្រទេសម៉ិកស៊ិកភាគខាងត្បូងរៀងរាល់ថ្ងៃ ហើយកាលពីសប្តាហ៍មុន ជនអន្តោប្រវេសន៍១០.០០០នាក់ បានទៅដល់ព្រំដែនអាមេរិក-ម៉ិកស៊ិក រាល់ថ្ងៃ៕

