មនុស្សជាច្រើនបានផ្ទុះកំហឹង ខណៈមានការតវ៉ានៅតាមផ្លូវក្នុងរដ្ឋធានី ម៉ិកស៊ិកូ ស៊ីធី កាលពីថ្ងៃចន្ទ (២ តុលា) ដើម្បីប្រារព្ធខួបលើកទី៥៥ នៃការសម្លាប់រង្គាលនិស្សិត ដែលបានបង្កឲ្យមានកំហឹងនៅទូទាំងប្រទេសម៉ិកស៊ិក។

ក្រុមបាតុករបានវាយប្រហាររនាំងសន្តិសុខ ដែលត្រូវបានគេដំឡើងនៅខាងក្រៅនិវេសនដ្ឋានប្រធានាធិបតីរបស់ប្រទេសនេះ នៅទីលានចតុរង្គ ហ្សូខាឡូ (Zocalo)។ ក្រុមបាតុករទាមទារឲ្យរកយុត្តិធម៌ជូនអ្នកដែលត្រូវបានគេសម្លាប់ទាំងនោះ។
កាលពីឆ្នាំ១៩៦៨ កងកម្លាំងសន្តិសុខបានវាយលុកការជួបជុំនិស្សិតឆ្វេងនិយម នៅសង្កាត់ ត្លាតេឡូខូ (Tlatelolco) នៃរដ្ឋធានី ម៉ិកស៊ិកូ ស៊ីធី ដោយបានសម្លាប់មនុស្សពី ៣០នាក់ទៅ ៤០នាក់ នេះបើយោងតាមក្រុមមន្ត្រី ប៉ុន្តែសកម្មជនសិទ្ធិមនុស្សនិយាយថា មានមនុស្សរហូតដល់៣០០នាក់ ត្រូវបានគេសម្លាប់។
ការសម្លាប់រង្គាលនិស្សិតនេះ បានកើតឡើងប៉ុន្មានថ្ងៃមុនពិធីបើកការប្រកួតកីឡាអូឡាំពិកឆ្នាំ១៩៦៨ របស់ប្រទេសម៉ិកស៊ិក នេះផងដែរ៕

