អតីតជើងឯកប្រណាំងរថយន្ត IndyCar និងជាអតីតកីឡាករប្រណាំងរថយន្ត F1 ផងដែរលោក Michael Andretti ធ្លាប់បានប្រកាសគំរោងបង្កើតក្រុមប្រណាំង F1 ដោយខ្លួនឯងមួយនៅឆ្នាំ ២០២៤។
មកទល់ពេលនេះ សំណើរបស់លោក Andretti ត្រូវបាន FIA យល់ព្រមហើយ ដោយក្រុម F1 ថ្មីនឹងប្រើប្រាស់រថយន្តអាមេរិក Cadillac។
ក្រុម F1 របស់លោក Andretti ជាសំណើដែលត្រូវបានអនុញ្ញាតដោយ FIA តែមួយគត់ក្នុងចំណោមសំណើថ្មីចំនួន ៤ ពីក្រុមហ៊ុនផ្សេងទៀត។

បុរសវ័យ ៥៩ ឆ្នាំដែលជាកូនប្រុសរបស់អតីតជើងឯក F1 ពិភពលោកឆ្នាំ ១៩៧៨ លោក Mario នឹងចាប់ផ្តើមជំហ៊ានបន្តទៀតក្នុងបោះជើងចូល F1 ហើយនឹងមានការតាមដាន និងវាយតម្លៃបន្ថែមទៀតពី F1។
លោក Andretti ធ្លាប់បានបង្ហើបកាលពីឆ្នាំ ២០២២ ថា ក្រុមប្រណាំងថ្មីនឹងអាចមានឈ្មោះថា Andretti Global F1 Team តែឈ្មោះដែលត្រូវ FIA យល់ព្រមនៅពេលនេះគឺ Andretti Formula Racing។

នេះមិនមែនជាលើកដំបូងទេដែលលោក Michael Andretti មានមហិច្ចតាបង្កើតក្រុមប្រណាំង F1 ដោយខ្លួនឯង បែបនេះ ពោលគឺកាលពីឆ្នាំមុនលោកមានបំណងទិញភាគហ៊ុនកាន់កាប់ក្រុមប្រណាំង F1 Sauber តែមិនបានសំរេច។
លោក Andretti ធ្លាប់ជាកីឡាករប្រណាំង F1 នៅឆ្នាំ ១៩៩៣ ដោយបានចូលប្រណាំងសរុប ១៣ លើកតែមិនជោគជ័យឡើយជាមួយក្រុមប្រណាំង McLaren។
ចំណាត់ថ្នាក់ល្អបំផុតគឺលេខ ៣ នៅប្រទេសអ៊ីតាលីក្នុងឆ្នាំ ១៩៩៣ នោះ ហើយក៏បានចាកចេញពីក្រុម McLaren វិញនៅពេលសល់ ៣ ទីលានទៀតចប់រដូវកាល៕ អត្ថបទ៖នាង សុភាវុធ
