ក្រុមវេជ្ជបណ្ឌិតរាប់ពាន់នាក់ កាលពីថ្ងៃច័ន្ទ (២ តុលា) បានធ្វើដំណើរតាមដងផ្លូវទូទាំងប្រទេសអាល្លឺម៉ង់ ដោយត្អូញត្អែរអំពីកំណើនថ្លៃចំណាយប្រចាំថ្ងៃ ស្របពេលមានការកើនឡើងជាបន្តបន្ទាប់នៃអតិផរណា ដែលបានញាំញីបណ្ដាប្រទេសអឺរ៉ុបជាច្រើន។
ក្រុមវេជ្ជបណ្ឌិតនៅទីក្រុងប៊ែរឡាំង បានប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ក្រសួងសុខាភិបាលសហព័ន្ធ ដោយសម្តែងការទាមទាររបស់ពួកគេសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត។

ក្រុមអ្នករៀបចំការតវ៉ាបាននិយាយថា កំណើនការចំណាយលើថាមពល បរាជ័យការប៉ុនប៉ងអនុវត្តឌីជីថល និងកង្វះអ្នកមានជំនាញ បានធ្វើឱ្យគ្លីនិកសម្រាកព្យាបាលកាន់តែមានភាពតានតឹង ដែលមិនអាចគ្រប់គ្រងបាន។
ពួកគេបាននិយាយថា ថវិកាដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាល បានរួមបញ្ជូលក្នុងវិបត្តិសេដ្ឋកិច្ចរបស់ពួកគេ ហើយការបិទគ្លីនិកបន្តបន្ទាប់អាចប្រែទៅជារឿងធម្មតា ប្រសិនបើស្ថានភាពបច្ចុប្បន្នមិនផ្លាស់ប្តូរ។
យោងតាមគ្រូពេទ្យម្នាក់ក្នុងអំឡុងពេលតវ៉ាបានឲ្យដឹងថា ដោយអស់សង្ឃឹមក្នុងការទប់ទល់ថ្លៃចំណាយ គ្លីនិកមួយចំនួនយល់ថា ពួកគេត្រូវបង្ខំចិត្តទទួលបន្ទុកអ្នកជំងឺលើសកំណត់ ដែលមិនត្រឹមតែបង្កើនបន្ទុកការងាររបស់គ្រូពេទ្យប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់គុណភាពនៃការថែទាំដែលផ្តល់ឲ្យអ្នកជំងឺផងដែរ ដោយសារពេលវេលាពិគ្រោះសុខភាពតិច និងមានកំណត់៕