កីឡាករវាយកូនបាល់លេខ ២ ពិភពលោក Carlos Alcaraz បានឈានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ នៃការប្រកួតកម្មវិធី China Open ក្រោយយកឈ្នះ Casper Ruud ២ សិតផ្ទួនៗ។
កីឡាករអេស្ប៉ាញរូបនេះចាប់ផ្តើមដោយតានតឹងនៅសិតដំបូងក្រោយ កីឡាករន័រវេសនាំមុខ ៣-០ មុនពេលវេយបកពីក្រោយវិញយកឈ្នះ ៦-៤ និងបន្តយកឈ្នះសិតទីពីរទៀត ៦-២។
ជ័យជំនះនេះ Carlos Alcaraz នឹងបន្តដំណើរជួបជាមួយកីឡាករអ៊ីតាលី Jannik Sinner។

កីឡាករវ័យ ២២ ឆ្នាំ Jannik Sinner បានយកឈ្នះកីឡាករប៊ុលហ្ការី Grigor Dimitrov ដោយលទ្ធផលតានតឹង ២ សិតទល់នឹង ១ ពិន្ទុ ៦-៤ ៣-៦ និង ៦-២ ថ្ងៃចន្ទម្សិលមិញដូចគ្នា។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូទៀត នឹងជាជំនួបរវាងកីឡាករលេខ ៣ ពិភពលោក Daniil Medvedev ជួបជាមួយកីឡាករអាល្លឺម៉ង់ Alexander Zverev។
ប្រសិនបើ Carlos Alcaraz និង Daniil Medvedev ជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ គេនឹងនឹកឃើញការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ US Open នៅពេលកីឡាករវ័យ ២៧ ឆ្នាំរុស្ស៊ី Medvedev បញ្ចប់ដំណើរឈ្នះជាប់គ្នារបស់ Carlos Alcaraz នៅពេលនោះ៕ អត្ថបទ៖នាង សុភាវុធ