
សមាជិកដែលមាននិន្នាការរឹងរូសរបស់គណបក្សសាធារណរដ្ឋអាមេរិក បានដាក់ញាត្តិស្នើសុំដកសមាជិករួមគណបក្ស លោក Kevin McCarthy ចេញពីតំណែងជាប្រធានសភាតំណាងរាស្រ្ត។
តំណាងរាស្រ្តគណបក្សសាធារណរដ្ឋលោក Matt Gaetz កាលពីថ្ងៃចន្ទ (ទី២ ខែតុលា) បានចាប់ផ្ដើមជំរុញឲ្យមានការបោះឆ្នោត ដើម្បីសម្រេចថា តើលោក McCarthy គួរតែបន្តនៅក្នុងមុខតំណែង ឬយ៉ាងណា។
សកម្មភាពនេះកើតឡើងបន្ទាប់ពីសមាជិកសភាទាំង២ នៃរដ្ឋសភាអាមេរិក បានអនុម័តលើសេចក្ដីស្នើច្បាប់ចំណាយដែលបានកែសម្រួលហើយ និងបានបញ្ចៀសការបិទរដ្ឋាភិបាល នៅនាទីចុងក្រោយ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក។ វិធានការផ្តល់មូលនិធិបណ្ដោះអាសន្ននោះ អនុញ្ញាតឲ្យរដ្ឋាភិបាលសហព័ន្ធដំណើរការរហូតដល់ពាក់កណ្តាលខែវិច្ឆិកា។
លោក Gaetz បានសម្តែងការមិនសប្បាយចិត្តអំពីការផ្តល់មូលនិធិបណ្ដោះអាសន្ន ដែលមិនរាប់បញ្ចូលការកាត់បន្ថយការចំណាយយ៉ាងខ្លាំងក្លា ដែលទាមទារដោយសមាជិកគណបក្សសាធារណរដ្ឋដ៏រឹងត្អឹង។ លោកបានរិះគន់យ៉ាងខ្លាំងចំពោះលោក McCarthy ដែលបានជ្រើសរើសធ្វើការជាមួយគណបក្សប្រជាធិបតេយ្យ ក្នុងការអនុម័តច្បាប់នេះ។
លោក McCarthy បានប្រតិកម្មចំពោះទង្វើនេះ តាមរយៈការបង្ហោះលើបណ្ដាញសង្គម ដោយប្រាប់ថា៖ «ធ្វើរឿងនោះចុះ»៕