
បេក្ខជនចង់ក្លាយជាប្រធានគោលនយោបាយបម្រែបម្រួលអាកាសធាតុសហភាពអឺរ៉ុបដែលជាអតីតរដ្ឋមន្រ្តីការបរទេសហូឡង់ លោក Wopke Hoekstra បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងព្យាយាមធានាការប្តេជ្ញាចិត្តរបស់ប្លុកមួយនេះ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ យ៉ាងហោច ៩០ភាគរយនៅឆ្នាំ ២០៤០ ប្រសិនបើរូបលោកទទួលបានតំណែងមួយនេះ ។
លោក Hoekstra បានថ្លែងបែបនេះ អំឡុងសវនាការរយៈពេល ៣ម៉ោងរបស់គណៈកម្មាធិការបរិស្ថានសភាអឺរ៉ុប ជាទីដែលលោកព្យាយាមឈ្នះការយល់ព្រមយ៉ាងហោច ២ភាគ៣នៃសមាជិក ដើម្បីទទួលបានតួនាទីដឹកនាំវិធានការកាត់បន្ថយការបំភាយឧស្ម័ននៅក្នុងប្លុកសេដ្ឋកិច្ចធំបំផុតលំដាប់ទី ៣របស់ពិភពលោកមួយនេះ ។
លោក Hoekstra និយាយថា បើសិនជាយល់ព្រម លោកនឹងបង្ហាញការវិភាគនៅដើមឆ្នាំ ២០២៤ខាងមុខនេះ លើអ្វីដែលសហភាពអឺរ៉ុបគួរកំណត់គោលដៅស្របច្បាប់ ដើម្បីកាត់បន្ថយការបំភាយឧស្ម័ននៅឆ្នាំ ២០៤០។
ក្រុមទីប្រឹក្សាផ្លូវការសហភាពអឺរ៉ុប បាននិយាយថា ប្លុកមួយនេះ គួរតែប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួនពី ៩០ ទៅ ៩៥ភាគរយនៅឆ្នាំ ២០៤០ គឺជាគោលដៅមួយដែលឧស្សាហកម្មមួយចំនួន បានព្រមានថា វាមិនក្លាយជាការពិតនោះទេ ។
គួរឲ្យដឹងថា វិធានការអាកាសធាតុ កំពុងប្រឈមនឹងការឆ្លើយដាក់គ្នាខាងនយោបាយនៅអឺរ៉ុប ស្របពេលដែលភាពតានតឹងកើនឡើងជាមួយចិន និងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រកួតប្រជែងផលិតបច្ចេកវិទ្យាស្អាត ហើយស្របពេលដែលប្រទេសជាច្រើន សម្របខ្លួនទៅដឹងគ្រោះទឹកជំនន់បំណែកកំណត់ត្រា គ្រោះរាំងស្ងួត និងរលកកម្តៅសម្លាប់មនុស្ស ដោយសារតែការឡើងកម្តៅផែនដីបណ្តាលមកពីសកម្មភាពរបស់មនុស្ស ៕