ក្លិបបាល់ទាត់យក្សរបស់ម៉ាឡេស៊ី Johor Darul Ta’Zim ទីបំផុតរកបានជ័យជំនះដំបូងរបស់ខ្លួនរដូវកាលនេះនៅក្របខណ្ឌ AFC Champions League ក្រោយយកឈ្នះនៅទឹកដីថៃ BG Pathum United ៤-២ ក្នុងពូល I។
ជាការប្រកួតដែលមានការវាយសម្រុកគ្នាច្រើន ខណៈក្រុមម្ចាស់ផ្ទះថៃរកបានគ្រាប់នាំមុខមុនដោយបាល់ ១១ ម៉ែត្ររបស់ Victor Cardozo តាំងពីនាទីទី ៥ តែ JDT ក៏វាយបកពីក្រោយដោយរកបាន ២ គ្រាប់ផ្ទួនៗ ដោយ Arif Aiman នៅនាទីទី ៦ និងមួយគ្រាប់ទៀតដោយ Bergson នាទីទី ១៤។

ឈានចូលវគ្គទី ២ ក្លិបបាល់ទាត់របស់ខ្សែរាជវង្សម៉ាឡេស៊ីមួយនេះក៏រកបានគ្រាប់នាំមុខបន្ថែម ៣-១ នៅនាទីទី ៥៣ ដោយ Juan Muniz តែ Victor Cardozo ដដែលក៏រកបានគ្រាប់ទីពីររបស់ខ្លួនតាមពីក្រោយឱ្យ BG Pathum។
យ៉ាងណាក្តីកីឡាករម៉ាឡេស៊ី Arif Hanapi ជាអ្នកធានាជ័យជំនះឱ្យ JDT នៅនាទីទី ៧៨ យកឈ្នះនៅទឹកដី BG Pathum United ៤-២ ឡើងឈរលេខ ២ ក្នុងពូល I មាន ៣ ពិន្ទុខណៈ BG Pathum មិនមានពិន្ទុនៅឡើយ។
នៅក្នុងពូល I នេះដែរ Kawasaki Frontale រកបានជ័យជំនះទីពីររបស់ខ្លួនក្រោយយកឈ្នះក្រុមភ្ញៀវកូរ៉េ Ulsan Hyundai ១-០ ដោយគ្រាប់បាល់របស់ Kento Tachibanada នៅនាទីទី ៨៩ ដែលជាបីពិន្ទុទីពីរឈរលើគេក្នុងពូលមាន ៦ ពិន្ទុពេញ។

ងាកមកពូល G ក្រុមកូរ៉េ Incheon United យកឈ្នះក្រុមភ្ញៀវហ្វីលីពីន Kaya FC ៤-០ ដើម្បីឡើងឈរលើគេក្នុងពូលមាន ៦ ពិន្ទុពេញខណៈ Kaya បន្តគ្មានពិន្ទុរាប់។
Yokohama F. Marinos រកបានជ័យជំនះដំបូងរបស់ខ្លួនផងដែរនៅក្នុងពូលក្រោយឈ្នះនៅទឹកដីចិន Shandong Taishan ១-០។
ក្រុមទាំងពីរមាន ៣ ពិន្ទុដូចគ្នាឆ្លងកាត់ពីរប្រកួតឈ្នះមួយចាញ់មួយ៕ អត្ថបទ៖នាង សុភាវុធ

