ភ្នំពេញ៖ តាមរយៈជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយ ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ភាគីទាំងពីរបានឯកភាពបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។
ក្នុងជំនួបនេះសម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងបានផ្តាំផ្ញើនូវការថ្លែងអំណរគុណជូនដល់ ឯកឧត្តម អាន់វ៉ាអា-អ៊ុល-ហាក់ កាកា នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ចំពោះសារលិខិតអបអរសាទរ ក្នុងឱកាសដែលសម្តេចធិបតី ចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ភ្ជាប់ជាមួយនេះសម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុវត្តនូវគោលនយោបាយនៃការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ព្រមទាំងសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចពង្រឹង និងពង្រីក កាន់តែប្រសើរឡើងថែមទៀត។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រីរបស់ សម្តេចធិបតី ក៏ដូចជាចំពោះជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។
ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-ប៉ាគីស្ថាន នឹងកាន់តែត្រូវបានលើកកម្ពស់ប្រសើរឡើងបន្ថែមទៀត ជាពិសេសស្របពេលដែលកន្លងមកប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា នៅក្នុងវិស័យជាច្រើន ជាអាទិ៍ វិស័យពាណិជ្ជកម្ម ដែលត្រូវបានកត់សម្គាល់តាមរយៈលទ្ធភាពនៃការបង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ (Joint Trade Committee) ដែលជាយន្តការល្អមួយដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនេះ។
ដោយទ្បែកវិស័យការពារជាតិ ក៏បានស្តែងឡើងតាមរយៈការចូលចតនាវា និងការបំពេញទស្សនកិច្ចផ្លូវការរបស់មន្ត្រីយោធាជាន់ខ្ពស់ផងដែរ។ លើសពីនេះភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យកសិកម្ម។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគោរពអញ្ជើញ សម្តេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងបានគោរពស្នើសុំឱ្យមានការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ដើម្បីជួយសម្រួលដល់យន្តការផ្សេងៗ ជាពិសេសដើម្បីបម្រើឱ្យវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ជាការឆ្លើយតបសម្តេចធិបតីបានឯកភាពចំពោះការស្នើនៃការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន គឺដូចទៅនឹងអ្វីដែលសម្តេចតេជោធ្លាប់បានឯកភាពកាលពីពេលមុនកន្លងមកដែរ៕


