ព្រឹត្តិការណ៍វាយកូនបាល់ Grand Slam, Australian Open នៅត្រូវចំណាយពេលប្រកួត ១៥ ថ្ងៃជាលើកដំបូងនៅឆ្នាំ ២០២៤ ខាងមុខដើម្បីកាត់បន្ថយការប្រកួតរហូតដល់យប់ជ្រៅ។
ការប្រកួត Australian Open កាលពីដើមឆ្នាំ ២០២៣ បានទទួលរងការរិះគន់ពីកីឡាករមួយចំនួនដូចជាអតីតកីឡាករលេខ ១ ពិភពលោកស្កុតឡេន Andy Murray ត្រូវបញ្ចប់ការប្រកួតរបស់ខ្លួនមួយដល់ម៉ោង ៤ ទៀបភ្លឺ។
ចាប់ពីឆ្នាំ ២០២៤ ទៅ Australian Open នឹងមានការប្រកួតនៅលើទីលានធំត្រឹម ២ ប្រកួតប៉ុណ្ណោះ សម្រាប់ពេលថ្ងៃ ខណៈកន្លងមកត្រូវរៀបចំ ៣ ប្រកួតដោយចាប់ផ្តើមពីម៉ោង ១១ ប្រឹកតទៅ។
ជាមួយគ្នានោះដែរ French Open ក៏មានការរៀបចំ ១៥ ថ្ងៃផងដែរ លើកលែងតែ US Open និង Wimbledon ដែលមានត្រឹម ១៤ ថ្ងៃនៅឡើយ។
រំលឹកថាកាលពីដើមឆ្នាំ ២០២៣ នេះ Australian Open កីឡាករស្កុតឡេន Andy Murray បានចាប់ផ្តើមការប្រកួតរបស់ខ្លួនជុំទី ២ នៅវេលាម៉ោង ១០ និង ២០ នាទីយប់ ហើយទំរាំយកឈ្នះកីឡាករអូស្រ្តាលី Thanasi Kokkinakis បានត្រូវចំណាយពេល ៥ ម៉ោង ៤៥ នាទី ពោលគឺបញ្ចប់នៅម៉ោង ៤ និង ៥ នាទីព្រឹក។
Murray បាននិយាយថា រូបគេបានសម្រាកត្រឹម ៣ ម៉ោងប៉ុណ្ណោះក្រោយការប្រកួតនោះ មុនឡើងទៅធ្លាក់ជុំទី៣៕ អត្ថបទ៖នាង សុភាវុធ