ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅក្នុងបណ្ដាញសង្គមមានការចែករំលែករូបភាពគ្រូបង្រៀន និងសិស្សកំពុងបង្រៀននិងរៀនក្នុងរោងដោល និងមានទឹកលិចត្រឹមជង្គង់ ដែលករណីនេះបានកើតឡើងនៅសាលាបឋមសិក្សាដំណាក់ក្សាន្ត ស្ថិតក្នុងឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ក្រសួងអប់រំ បញ្ជាក់ថា នៅថ្ងៃនោះ មានធ្លាក់ភ្លៀងយ៉ាងគំហុក ដែលធ្វើឱ្យទឹកហូរចេញពីសាលាមិនទាន់ និងលិចរោងដោលស្របពេលដែលគ្រូ និងសិស្សកំពុងបង្រៀននិងរៀន។ ក្រោយពេលរាំងភ្លៀង សាលារៀនបានផ្អាកដំណើរការ និងអនុញ្ញាតឱ្យគ្រូនិងសិស្សត្រឡប់ទៅផ្ទះវិញ។ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៣ ជំនន់ទឹកភ្លៀងបានស្រកអស់ និងសាលារៀនអាចដំណើរការបង្រៀន និងរៀនជាធម្មតា៕ ដោយ ៖ ដារា







