អាមេរិក ៖ មន្ត្រីរដ្ឋាភិបាលអាមេរិកម្នាក់បានព្រមានថា សហរដ្ឋអាមេរិកអាចបញ្ចប់ជំនួយថវិកាដល់ប្រទេសអ៊ុយក្រែន ក្នុងរយៈពេល ២ខែទៀត ប្រសិនបើរដ្ឋសភា មិនអនុម័តកញ្ចប់ថវិកាថ្មីនោះទេ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក John Kirby ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ (ទី៣ ខែតុលា) បានជំរុញសមាជិកសភាកុំឲ្យលំហូរនៃជំនួយនេះមានភាពរអាក់រអួល។ លោកបាននិយាយថា មូលនិធិដែលអនុម័តដោយរដ្ឋសភាបច្ចុប្បន្ន នឹងអាចឲ្យសហរដ្ឋអាមេរិកជួយអ៊ុយក្រែនបាន ២-៣ខែ ឬរយៈពេលប្រមាណប៉ុណ្ណឹង។ លោកបានសង្កត់ធ្ងន់ថា «ការថយចុះនូវការគាំទ្រ សូម្បីតែមួយរយៈពេលខ្លីក៏ដោយ ក៏អាចធ្វើឲ្យមានភាពខុសប្លែកគ្នាគ្រប់យ៉ាង នៅសមរភូមិដែរ»។
លោកបានបន្ថែមថា ការខកខានណាមួយ ក្នុងការគាំទ្រ នឹងធ្វើឲ្យប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ជឿជាក់ថា «រូបលោកអាចរង់ចាំឲ្យពួកយើង នៅក្រៅសង្គា្រមនេះ» ហើយថា «រូបលោកអាចបន្តជម្លោះរហូតដល់ពួកយើង និងបណ្ដាសម្ព័ន្ធមិត្ត និងដៃគូរបស់យើងដួលរលំ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Kirby នេះ កើតមានបន្ទាប់ពីរដ្ឋសភាបានអនុម័តកញ្ចប់ថវិកាបណ្តោះអាសន្នមួយ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ពោលគឺមួយថ្ងៃ នៅមុនការចាប់ផ្តើមនៃឆ្នាំសារពើពន្ធថ្មី។ ប៉ុន្តែការផ្តល់មូលនិធិដល់អ៊ុយក្រែនត្រូវបានដកចេញ ដោយសារតែមានការប្រឆាំងយ៉ាងខ្លាំងពីក្រុមគណបក្សសាធារណរដ្ឋ ដែលមាននិន្នាការរឹងរូស៕

