ភ្នំពេញ ៖ អង់គ្លេស បានប្រកាសផ្ដល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK's Developing Countries Trading Scheme (DCTS) ជំនួសប្រព័ន្ធចាស់ UK's Generalized Scheme of Preference(GSP) ដល់ប្រទេសកំពុងអភិវ ឌ្ឍន៍ ក្នុងនោះមានទាំងកម្ពុជាផងដែរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា ប្រព័ន្ធអនុគ្រោះពន្ធថ្មី(DCTS)នេះ នឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀត តាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ ដែលក្នុងនោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក(Local content) ត្រឹម ២៥% (តម្លៃវត្ថុធាតុដើមនាំចូលសម្រាប់ប្រើប្រាស់(Non-originating content) រហូតដល់ ៧៥%) ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធរហូតដល់ ៤ ខ្ទង់ ទៅ ៦ ខ្ទង់។
ចំពោះផលិតករ ឬអ្នកនាំចេញទាំងអស់ ត្រូវអនុវត្តតាមវិធានដើមកំណើតទំនិញរបស់ចក្រភពអង់គ្លេស ដើម្បីទទួលបានការអនុគ្រោះពន្ធពីចក្រភពអង់គ្លេស៕ ដោយ៖ គង់ ឌិន

