សៀមរាប ៖ អាជ្ញាធរជាតិ អប្សរាបានសហការជាមួយ កងយោធានៅយោធភូមិភាគទី៤ បានប្រារព្ធធ្វើពិធីដាំ កូនឈើចម្រុះប្រមាណជាង១ម៉ឺន៥ពាន់ដើម នៅក្នុងទីបញ្ជាការយោធភូមិភាគទី៤ ខេត្តសៀមរាប ដើម្បីលើសោភ័ណភាពទេសចរណ៍វប្បធម៌ និងបរិស្ថាន នៃតំបន់ប្រាសាទបុរាណ។
កាលពីម្សិលមិញ យុទ្ធនាការដាំកូនឈើ ប្រភេទ បេង ធ្នង់ គ្រញូង និងនាងនួន ត្រូវបានធ្វើជាទ្រង់ទ្រាយធំ នៅដើមរដូវវស្សា ដែលមានអ្នកចូលរួមប្រមាណ៦រយនាក់ សមាសភាពជាកងកម្លាំងយោធា ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធរជាតិអប្សរា ចលនាយុវជនកម្ពុជា១៥៧ និងមន្ត្រីសាលាខេត្តសៀមរាប ផងដែរ។
ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤បានលើកឡើកថា ការដាំកូនឈើពេលនេះ គឺជាការរួមចំណែក ការពារបរិស្ថាន និងជួយលើកកម្ពស់សោភ័ណភាពខេត្តសៀមរាប ព្រមទាំងធ្វើឱ្យប្រាសាទបុរាណកាន់តែមានសម្រស់ទាក់ទាញភ្ញៀវទេសចរ ។
ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្ថាប័ននេះ បានត្រៀមកូនឈើ២០ម៉ឺនដើម ដើម្បីទុកចែកជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ ដើម្បីយកទៅដាំបំពេញបន្ថែមនៅកន្លែង ដែលខ្លួនចង់ដាំ នៅតំបន់ព្រៃឈើ ដែលរេចរឹល ខណៈដែលកូនឈើរាប់ម៉ឺនដើមទៀត សម្រាប់ដាំបំពេញបន្ថែមនៅក្នុងរមណីយដ្ឋានអង្គរ។
ឯកឧត្ដម បានអំពាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ចូលរួមដាំ និងជួយការពារព្រៃឈើឱ្យបានគង់វង្ស ព្រោះព្រៃឈើជាអាយុជីវិតរបស់មនុស្សជាតិ។
កាលពីអំឡុងខែឧសភា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា ធ្លាប់បានផ្ដល់កូនឈើចម្រុះចំនួនមួយម៉ឺនដើម ឱ្យកងយោធពលខេមរៈភូមិន្ទ នៃយោធភូមិភាគ៤ យកទៅដាំ នៅក្នុងទីបញ្ជាការដដែលនេះផងដែរ។នេះជាលើកទី២ហើយ ដែលអាជ្ញាធរជាតិអប្សរា បានផ្ដល់កូនឈើចម្រុះចំនួន១ម៉ឺន៥ពាន់ដើមទៀត សម្រាប់ដាំនៅទីបញ្ជាការយោធភូមិភាគទី៤នេះ៕
អត្ថបទ៖ ឈិត សាវី