
ភ្នំពេញ៖ ក្រុមប្រឹក្សាអ្នកច្បាប់ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើដំណើរការនៃការរៀបចំអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងយុតិ្តធម៌ និងសហការី ,អនុប្រធាន និងសមាជិកក្រុមប្រឹក្សាអ្នកច្បាប់។
ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់ ប៊ីធីវី ថា ការអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កំពុងឈានទៅការរៀបចំព្រះរាជក្រឹត្យនៅក្នុងការបង្កើតស្ថាប័នថ្មីមួយនេះឡើង និងឈានទៅដាក់ដំណើរការនាពេលខាងមុខ។
ឯកឧត្តមបន្តថា តាមនីតិវិធី មុនឈានដល់ព្រះករុណា ព្រះមហាក្សត្រចុះព្រះហត្ថលេខា អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺត្រូវឆ្លង ការពិនិត្យ ពិភាក្សាអំពី ក្រុមប្រឹក្សាអ្នកច្បាប់ លើការរៀបចំបង្កើត អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាមុនសិន។
ឯកឧត្តមបញ្ជាក់ថា ក្រោយពេលចេញព្រះរាជក្រឹត្យស្ដីពីការបង្កើតអាជ្ញាធរនេះរួចរាល់ហើយ ក្រសួងយុត្តិធម៌នឹងធ្វើសន្និសីទសារព័ត៌មានអំពីដំណើររបស់អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះតែម្ដង៕






