
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំដល់ក្រសួង ស្ថាប័ននានា ត្រូវពិនិត្យក្នុងការលុបចោលនូវគម្រោងមួយចំនួនដែលមិនចាំបាច់នៅតាមសាមីក្រសួង ខណៈក្នុងពេលថ្មីៗនេះ ក្រោយការលុបគម្រោងដែលមិនចាំបាច់មួយចំនួន រាជរដ្ឋាភិបាលអាចសន្សំថវិកាបានជាង ២០០ លានដុល្លារអាមេរិក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាថា ក្រសួងស្ថាប័ននានា ត្រូវពិនិត្យ និងហ៊ានលុបចោលចំពោះគម្រោងដែលមិនចាំបាច់នៅតាមសាមីក្រសួងរបស់ខ្លួន ដើម្បីចូលរួមក្នុងការសន្សំថវិកាជាតិ។
ទោះជាយ៉ាងណា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តអនុវត្តគោលនយោបាយជាអាទិភាពលើវិស័យអប់រំ និងវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នវិស័យទាំងពីរនេះរាជរដ្ឋាភិបាលបានវិនិយោគច្រើនជាងវិស័យផ្សេងៗទៀត។ សម្តេចធិបតី បញ្ជាក់ថា សម្រាប់ការជ្រើសរើសគ្រូបង្រៀនឆ្នាំនេះ រាជរដ្ឋាភិបាលអនុញ្ញាតឱ្យជ្រើរើសបន្ថែមចំនួន ៣០០០ នាក់ផងដែរ៕អត្ថបទវ៉ន ដារ៉ា