ព្យុះទីហ្វុងខយនូ (Koinu) បានចាប់ផ្តើមបោកបក់កាត់តំបន់ជនបទដាច់ស្រយាល ភាគខាងត្បូងនៃកោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍ (៥ តុលា) ដោយបានធ្វើឱ្យមនុស្ស១៩០នាក់រងរបួស ប៉ុន្តែមិនបណ្តាលឱ្យមានអ្នកស្លាប់ទេ ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងបណ្ដាលឲ្យមនុស្សរាប់លាននាក់មិនអាចទៅធ្វើការងារ និងទៅរៀនបាន នៅក្នុងទីក្រុងជាច្រើននៅទូទាំងកោះនេះ។

ជាមួយគ្នានោះដែរ ទីភ្នាក់ងារអង្កេតអាកាសធាតុជាតិរបស់ប្រទេសចិន កាលពីថ្ងៃពុធ បានរក្សាការព្រមានអាសន្នកម្រិតពណ៌លឿងសម្រាប់ព្យុះទីហ្វុងខយនូ ដែលជាព្យុះទីហ្វុងទី១៤ សម្រាប់ឆ្នាំនេះ ដោយបានគំរាមកំហែងប្រទេស និងត្រូវបានរំពឹងថាវាយប្រហារបណ្ដាតំបន់ភាគអាគ្នេយ៍ របស់ប្រទេសចិនផងដែរ។
ភ្លៀងធ្លាក់ខ្លាំងបំផុតកំពុងធ្លាក់នៅតាមបណ្តាខេត្តឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់ រួមទាំងទីក្រុងតៃទុង។ ទីក្រុង និងស្រុកភាគច្រើនក្នុងកោះតៃវ៉ាន់ បានប្រកាសឈប់សម្រាកពីការងារ និងសាលារៀន នៅថ្ងៃព្រហស្បតិ៍នេះ បើទោះបីជាក្រុងតៃប៉ិ មិនត្រូវបានប៉ះពាល់ និងដំណើរការដូចធម្មតាក៏ដោយ។
យោងតាមទីភ្នាក់ងារហានិភ័យនៃព្យុះត្រូពិចបានឲ្យដឹងថា ព្យុះទីហ្វុងខយនូ ដែលមានន័យថា «កូនឆ្កែ» ជាភាសាជប៉ុន បានបោកបក់លើឧបទ្វីបហឹងឈុន (Hengchun) របស់កោះតៃវ៉ាន់ និងជាព្យុះទីហ្វុងប្រភេទទី៤ ដែលមានខ្យល់បក់រហូតដល់ ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែត្រូវបានគេព្យាករណ៍ថា នឹងចុះខ្សោយនៅពេលដែលព្យុះនេះ ឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ ហើយឆ្ពោះទៅកាន់ខេត្តក្វាងទុង របស់ប្រទេសចិន៕
