អ៊ឺរ៉ុប ៖ បណ្ដារដ្ឋជាសមាជិកសហភាពអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការរៀបចំឡើងវិញ នូវច្បាប់ស្តីពីការឆ្លើយតបទៅនឹងកំណើនដ៏ខ្លាំងក្លានៃការធ្វើអន្តោប្រវេសន៍មិនទៀងទាត់។ កិច្ចព្រមព្រៀងនេះ បានកើតឡើងបន្ទាប់ពីមានការជជែកគ្នាជាច្រើនសប្តាហ៍ ជុំវិញយន្តការវិបត្តិរបស់សហភាពអឺរ៉ុប និងបន្ទាប់ពីការកើនឡើងយ៉ាងខ្លាំងនៃការមកដល់របស់ជនអន្តោប្រវេសន៍នៅលើកោះឡាំប៉េដូសា របស់អ៊ីតាលី។
នៅក្រោមផែនការមួយនោះ បណ្ដាប្រទេសដែលកំពុងប្រឈមនឹងវិបត្តិអន្តោប្រវេសន៍ នឹងអាចស្នើសុំ «ការរួមចំណែកសាមគ្គីភាព» ពីរដ្ឋផ្សេងទៀតបាន។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា កិច្ចព្រមព្រៀងនេះមានន័យថា កិច្ចពិភាក្សាអាចដំណើរការទៅមុខជាមួយសភាអឺរ៉ុប ដោយមានគោលបំណងធានាឱ្យមានកិច្ចព្រមព្រៀងស្តីពីការធ្វើអន្តោប្រវេសន៍ទាន់ពេលវេលា សម្រាប់ការបោះឆ្នោតសភាអឺរ៉ុបនៅខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។
សម្ពាធសម្រាប់កិច្ចព្រមព្រៀងទូទាំងសហភាពអឺរ៉ុប ត្រូវបានបង្កើតឡើងមួយរយៈមកហើយ ដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃចំនួនជនភៀសខ្លួន និងជនអន្តោប្រវេសន៍ ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេទៅកាន់អឺរ៉ុបនៅឆ្នាំនេះ។
យោងតាមតួលេខរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ស្ទើរតែ១៩ម៉ឺននាក់ បានទៅដល់ច្រាំងនៃទ្វីបអឺរ៉ុបភាគខាងត្បូង រួមទាំងមនុស្សចំនួន១៣.៣០០០នាក់ បានទៅដល់ប្រទេសអ៊ីតាលី ខណៈដែលមនុស្សយ៉ាងហោចណាស់ចំនួន២.៥០០នាក់ ត្រូវបានគេគិតថាបានស្លាប់ដោយសារព្យាយាមធ្វើដំណើរទៅកាន់ប្រទេសទាំងនោះ៕

