
សេដ្ឋវិទូ និងក្រុមមន្រ្តីជាន់ខ្ពស់មួយចំនួនរបស់អ៊ីស្រាអែល មានជំនឿថា បាតុកម្មហិង្សារយៈពេលច្រើនសប្តាហ៍កន្លងមកនេះ របស់ក្រុមយុវជននៅតំបន់កាន់កាប់ហ្គាហ្សាស្រ្ទីប បានបង្ហាញសារពីវិបត្តិសេដ្ឋកិច្ចនៅក្នុងតំបន់បិទច្រករបស់អ៊ីស្រាអែលមួយនេះ ហើយវិធានការជួយសង្រ្គោះ អាចនឹងជិតកើតមានឡើង ។
បាតុកម្មដែលរៀបចំឡើងដោយក្រុមយុវជន ប៉ុន្តែគាំទ្រដោយចលនាអ៊ីស្លាមគ្រប់គ្រងតំបន់ហ្គាហ្សាគឺក្រុមឧទ្ទាមហាម៉ាស់ គឺដើម្បីប្រឆាំងនឹងទង្វើមកលើអ្នកទោសប៉ាឡេស្ទីន នៅក្នុងពន្ធនាគារអ៊ីស្រាអែល និងការធ្វើដំណើររបស់ក្រុមជនជាតិជ្វីហ្វ ទៅកាន់បរិវេនព្រះវិហារ Al Aqsa ដែលជាទីតាំងពិសិដ្ឋ ទាំងសម្រាប់ជនមូស្លីម និងជនជាតិជ្វីហ្វ ។
ប៉ុន្តែមន្រ្តីជាន់ខ្ពស់មួយរូបរបស់អ៊ីស្រាអែល បានកត់សំគាល់ឃើញពីភាពជាប់គាំងរបស់ក្រុមហាម៉ាស ដែលពុំបានចូលរួមជាផ្លូវការនៅក្នុងបាតុកម្មនេះ ឬបាញ់រ៉ុក្កែតបន្ថែមទៀតមកលើអ៊ីស្រាអែល ។
លោកបានលើកឡើងថា ហេតុផលបន្ទាន់បន្ថែមទៀតសម្រាប់ភាពរំជើបរំជួលនេះ គឺទុក្ខទោសពាក់ព័ន្ធនឹងមូលហេតុជាតិប៉ាឡេស្ទីន ហើយនិងវិបត្តិសេដ្ឋកិច្ចនៅតំបន់ហ្គាហ្សា ។
មន្រ្តីអ៊ីស្រាអែលរូបនោះដែលសុំមិនបញ្ចេញឈ្មោះដោយសារតែភាពរសើបនៃប្រធានបទនេះ និយាយថា បាតុកម្មប្រហែលពាក់ព័ន្ធរឿងលុយកាក់ ។ អ្វីដែលពួកយើងមើលឃើញនៅតាមរបងព្រំដែន គឺជាសារដែលពួកគេសុំជំនួយហិរញ្ញវត្ថុ ។
សូមបញ្ជាក់ថា មនុស្សប្រហែល ២,៣លាននាក់ កំពុងរស់នៅតំបន់កាន់កាប់ហ្គាហ្សាស្រ្ទីប ដែលនៅជាប់នឹងតំបន់ឆ្នេរ ហើយនិងជាកន្លែងដែលជាងពាក់កណ្តាលនៃចំនួនពលរដ្ឋរបស់ពួកគេ រស់នៅក្រោមកម្រិតក្រីក្រ ៕