
យ៉ាងហោណាស់មនុស្សប្រហែល ៣.០០០នាក់ ត្រូវបានជម្លៀសចេញ នៅកោះ Tenerife របស់ប្រទេសអេស្ប៉ាញ នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែតុលា) បន្ទាប់ពីចំហេះព្រៃ ដែលបានកើតមានកាលពីខែសីហា បានឆាបឆេះឡើងវិញ ដោយសារតែខ្យល់ និងអាកាសធាតុក្តៅខ្លាំងខុសពីធម្មតា។
នគរបាលអេស្ប៉ាញបានចាប់ផ្តើមដំណើរការជម្លៀស នៅទីក្រុង Santa Ursula និង La Orotava នៅថ្ងៃព្រហស្បតិ៍នេះ។ អគ្គិភ័យនៅរដូវក្ដៅ បានឆេះបំផ្លាញព្រៃឈើជិត ១៥,០០០ហិកតា ក្នុងឧទ្យានជាតិ ជុំវិញភ្នំភ្លើង Mount Teide ។
ទោះបីជាចំហេះនេះត្រូវបានគ្រប់គ្រងក៏ដោយ ក៏តំបន់មួយចំនួន បានបន្តឆេះ ហើយនៅថ្ងៃព្រហស្បតិ៍ អណ្ដាតភ្លើងបានចាប់ផ្ដើមឆាបឆេះឡើងវិញ ដោយសារលក្ខខណ្ឌអាកាសធាតុ៕