
បន្ទាប់ពីក្រុងអង់ការ៉ា (Ankara) គំរាមវាយប្រហារទៅលើហេដ្ឋារចនាសម្ព័នយោធាក្រុមឃើតនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់មក ក្រុមឃ្លាំសង្រ្គាម និងប្រភពសន្ដិសុខក្នុងស្រុកបាននិយាយថា មនុស្សយ៉ាងហោចណាស់៨នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយានដ្រូនទួរគីនៅថ្ងៃព្រហស្បតិ៍នេះ នៅតំបន់ដែលកាន់កាប់ដោយក្រុមឃើតនៅភាគឦសានប្រទេសស៊ីរី។
ប្រភពសន្ដិសុខ បានប្រាប់អ្នកសារព័ត៌មាន Reutersថា មនុស្សពីរនាក់ បានស្លាប់ ក្នុងការវាយប្រហារមួយទៅលើរថយន្ដ១គ្រឿងនៅជិតមូលដ្ឋានយោធា និង៦នាក់ទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបន្ទាប់ទៅលើប៉ុស្ដិ៍យោធា១កន្លែង នៅជិតក្រុង អាមូដា (Amuda) ក្នុងខេត្ដ ហាសាក់កា
(Hassakah) ។
វីដេអូដែលផ្សព្វផ្សាយដោយទូរទស្សន៍ Ronahi TV របស់ឃើត បានបង្ហាញពីផ្សែងកំពុងហុយឡើងទៅលើ បន្ទាប់ពីការវាយប្រហារមក។
ប្រទេសទួរគី បាននិយាយ កាលពីថ្ងៃពុធថា ហេដ្ឋារចនាសម្ព័នពួកសកម្មប្រយុទ្ធឃើតទាំងអស់ នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ គឺជាគោលដៅដែលមានដ៏សំខាន់ បន្ទាប់ពីខ្លួនបានសន្និដ្ឋានថា អ្នកវាយប្រហារពីរនាក់ដែលបាន បំផ្ទុះគ្រាប់បែកនៅពីមុខអគាររដ្ឋាភិបាលក្នុងក្រុងអង់ការ៉ា កាលពីចុងសប្ដាហ៍មុន បានចេញមកពីប្រទេសស៊ីរី៕