អង្គការលើកលែងទោសអន្តរជាតិ (Amnesty International )កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យប្រទេសប៉ាគីស្ថាន បន្តការគាំទ្ររបស់ខ្លួនសម្រាប់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ដោយអនុញ្ញាតឲ្យពួកគេរស់នៅដោយសេចក្តីថ្លៃថ្នូរ និងរួចផុតពីការភ័យខ្លាចនៃការនិរទេសទៅអាហ្វហ្គានីស្ថាន ដែលពួកគេប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញពីពួកតាលីបង់។

អង្គការ Amnesty បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបញ្ជូនជនភៀសខ្លួនដោយបង្ខំទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន អាចធ្វើឲ្យពួកគេស្ថិតក្នុង «ហានិភ័យដ៏ធ្ងន់ធ្ងរ» ទោះបីជាប៉ាគីស្ថាននិយាយថា ប្រតិបត្តិការ ដែលកំពុងបន្តរបស់ខ្លួនប្រឆាំងនឹងអន្តោប្រវេសន៍មិនទៀងទាត់មិនជាក់លាក់ចំពោះជនជាតិអាហ្វហ្គានីស្ថានក្តី។
លោកស្រី ណាឌៀ រ៉ាម៉ាន (Nadia Rahman) នាយករងប្រចាំតំបន់របស់អង្គការ Amnesty សម្រាប់ការស្រាវជ្រាវនៅអាស៊ីខាងត្បូង បាននិយាយថា៖«ប្រជាជនអាហ្វហ្គានីស្ថាននៅក្នុងប្រទេសប៉ាគីស្ថាន កំពុងរត់គេចពីការធ្វើទុក្ខបុកម្នេញដោយពួកតាលីបង់ កំពុងជាប់គាំងក្នុងដំណើរការដ៏យូររង់ចាំ ដើម្បីទទួលបានការផ្លាស់ប្តូរទីលំនៅទៅកាន់ប្រទេសមួយផ្សេងទៀត»។
ការអំពាវនាវរបស់អង្គការនេះ បានកើតឡើង រយៈពេលពីរថ្ងៃបន្ទាប់ពីប្រទេសប៉ាគីស្ថាន បានប្រកាសពីការបង្រ្កាបដ៏ធំលើជនអន្តោប្រវេសន៍ដែលស្ថិតនៅក្នុងប្រទេសនេះដោយខុសច្បាប់ ដែលភាគច្រើនមកពីអាហ្វហ្គានីស្ថាន ហើយបាននិយាយថា ខ្លួននឹងបណ្តេញពួកគេចេញ ចាប់ពីខែក្រោយនេះទៅ។

