រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថាកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបន្ថែមមូលនិធិលើការសាងសង់របងដើម្បីទប់ស្កាត់កុំឲ្យជនអន្តោប្រវេសន៍ដ៏ច្រើនឆ្លងចូលតាមព្រំដែនរបស់ប្រទេសម៉ិកស៊ិក ដោយដើរតាមគោលនយោបាយដែលបានចុះហត្ថលេខារួចដោយអតីតប្រធានាធិបតី Donald Trump។

លោក Trump គឺជាបេក្ខជននាំមុខសម្រាប់ការតែងតាំងរបស់គណបក្សសាធារណរដ្ឋក្នុងការប្រកួតប្រែងជាមួយលោក Biden មកពីគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីឆ្នាំ២០២៤ខាងមុខ។ លោក Trump បានសាងសង់របងដែលជាការសន្យានៃយុទ្ធនាការរបស់ខ្លួនសម្រាប់តំណែងប្រធានាធិបតី ដោយមានឃ្លាមួយថា សាងសង់ជញ្ចាំងនោះទៅ ឬ "Build That Wall."។
សកម្មភាពដំបូងរបស់លោក Biden បន្ទាប់ពីចូលកាន់តំណែងកាលពីខែមករា ឆ្នាំ ២០២១ គឺការចេញសេចក្តីប្រកាសមួយដោយសន្យាថា ពុំមានការបង្វែរប្រាក់ពីអ្នកជាប់ពន្ធអាមេរិកទៀតទេ ដើម្បីបង្កើតជញ្ជាំងព្រំដែន ក៏ដូចជាការពិនិត្យឡើងវិញនូវធនធានទាំងអស់ដែលបានប្តេជ្ញាចិត្តរួចហើយ។
រដ្ឋបាលនេះ បាននិយាយថា សកម្មភាពកាលពីថ្ងៃព្រហស្បតិ៍មិនខុសពីការប្រកាសរបស់លោក Biden ទេ ព្រោះប្រាក់ដែលត្រូវបានបែងចែកក្នុងអំឡុងពេលអាណត្តិរបស់លោក Trump ក្នុងឆ្នាំ ២០១៩ ត្រូវតែចំណាយនៅពេលនេះ។
ការស្ទង់មតិរបស់សារព័ត៌មាន Reuters និងមជ្ឈមណ្ឌលស្រាវជ្រាវ Ipsos បានរកឃើញថា អន្តោប្រវេសន៍ទំនងជានឹងក្លាយជាប្រធានបទយុទ្ធនាការមួយនៅក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកដែលមានប្រជាជនអាមេរិកភាគច្រើន ៥៤% - យល់ស្របនឹងសេចក្តីថ្លែងការណ៍ដែលថា ក្រុមជនអន្តោប្រវេសន៍កំពុងធ្វើឱ្យជីវិតកាន់តែលំបាកសម្រាប់ប្រពលរដ្ឋមានដើមកំណើតអាមេរិក៕
