ក្រុមបាល់ទះកងយោធពលខេមរមភូមិន្ទ របស់កម្ពុជា មិនអាចឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃការប្រកួតបាល់ទះដណ្ដើមពានរង្វាន់កងទ័បអាស៊ាន ឆ្នាំ២០២៣ នៅប្រទេសវៀតណាមបានឡើយ បន្ទាប់ពីភ្លាត់ចាញ់ក្រុមកងទ័ពឡាវ ដោយលទ្ធផល ៣-២សិត ។

ការប្រកួតទី២ និងជាជំនួបបញ្ចប់ពូល A កាលពីល្ងាចថ្ងៃទី០៥ ខែតុលានេះ ក្រុមបាល់ទះកងទ័ពកម្ពុជា ធ្វើបានយ៉ាងល្អ សម្រាប់ ២សិតដំបូង ដោយបានយកឈ្នះក្រុមឡាវ ២៥-១៤ពិន្ទុ និង ២៥-១៦ពិន្ទុ ។ ប៉ុន្ដែនៅសិតទី៣ និងសិតទី៤ ក្រុមបាល់ទះកងទ័ពឡាវ ក៏វាយបកយកឈ្នះ ២សិតវិញ ក្នុងពិន្ទុ ២៥-២៣ និង ២៦-២៤ ដែលនាំឲ្យការប្រកួតឈានដល់សិតទី៥ តែសោកស្ដាយក្រុមបាល់ទះកងទ័ពកម្ពុជា បានបន្ដចាញ់ទាំងប្រផិតប្រផើយ ក្នុងពិន្ទុ ១៨-១៦ នាំឲ្យរបូតកៅអីវគ្គ ១/២ ផ្ដាច់ព្រ័ត្រតែម្ដង បន្ទាប់ពីប្រកួតដំបូង ចាញ់ម្ចាស់ផ្ទះវៀតណាម ៣-០សិតរួចមក ។

សូមបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់កងទ័ពអាស៊ាន ឆ្នាំ២០២៣ ដែលវៀតណាមធ្វើម្ចាស់ផ្ទះ គឺមាន ៧ប្រទេសចូលរួម ក្នុងនោះក្រុមកីឡាបាល់ទះកងយោធពលខេមភូមិន្ទ របស់កម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមកងទ័ពឡាវ និងម្ចាស់ផ្ទះវៀតណាម ខណៈពូលB មានក្រុមបាល់ទះកងទ័ពថៃ មីយ៉ាន់ម៉ា់ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ។

បេសកកម្មនេះ ក្រុមបាល់ទះកងទ័ពកម្ពុជា គឺដឹកនាំដោយឯកឧត្តម តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលបន្ទុកការងារកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ។ ព្រឹត្តិការណ៍នេះ រៀបចំឡើង ដើម្បីរឹតចំណងមិត្តភាព រវាងកងទ័ពបណ្ដាប្រទេសសមាជិកអាស៊ាន តាមរយៈការប្រកួតកីឡាក្ខណៈមិត្តភាពមួយនេះ៕ អត្ថបទ លី ឈុនឡា

