ក្រុមបាល់បោះនារីម្ចាស់ផ្ទះចិន បានក្លាយជាម្ចាស់មេដាយមាសលើវិញ្ញាសាកីឡាបាល់បោះនារីក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ នៅទីក្រុងហាន់ចូវទឹកដីរបស់ខ្លួន ក្រោយយកឈ្នះក្រុមបាល់បោះនារីជប៉ុនយ៉ាងប្រផិតប្រផើយលទ្ធផល ៧៤-៧២។

បីវគ្គដំបូងចិនបាននាំមុខដាច់ទៅហើយ តែវគ្គចុងក្រោយការប្រកួតចាប់ផ្តើមតានតឹងនៅពេលជប៉ុនតាមពីក្រោយរហូតមកស្មើគ្នា ៧២-៧២ ដោយបាល់បោះ ៣ ពិន្ទុរបស់កីឡាការិនី Saki Hayashi នៅសល់ ១៣ វិនាទីទៀតចប់ការប្រកួត។

ក្រោយមកចិនក៏រកបាន ២ ពិន្ទុចុងក្រោយដោយកីឡាការិនី Wang Siyu ខណៈនៅសល់ ៩ វិនាទីទៀតចប់ការប្រកួត ជប៉ុនវាយបកមកវិញបោះបាល់ចុងក្រោយមិនចូល ធ្វើឱ្យចប់ការប្រកួតចិនយកឈ្នះជប៉ុន ៧៤-៧២។
សូមបញ្ជាក់ថា នេះជាការការពារមេដាយមាសបានសំរេចសម្រាប់ក្រុមបាល់បោះនារីចិនដែលឈ្នះមេដាយមាសកាលពីឆ្នាំ ២០១៨ ផងដែរនៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី និងជាមេដាយមាស ទី៧ ផងដែរក្នុងប្រភេទកីឡាបាល់បោះនារីនៅកីឡាអាស៊ីសម្រាប់ចិន៕ អត្ថបទ៖នាង សុភាវុធ


