ប្រទេសអាស៊ែរបៃហ្សង់ បានស្តីបន្ទោសលោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron)ចំពោះការជ្រៀតជ្រែកក្នុងកិច្ចពិភាក្សាសន្តិភាពដ៏សំខាន់ជាមួយប្រទេសអាមេនី បន្ទាប់ពីការវាយលុកផ្លេកបន្ទោរនៅតំបន់ណាហ្គូណ័រ-ការ៉ាបាក់។

ឯកអគ្គរដ្ឋទូតរបស់ទីក្រុងបាគូប្រចាំនៅចក្រភពអង់គ្លេស បាននិយាយថា ប្រទេសរបស់លោក នឹងត្រឡប់ទៅរកកិច្ចចរចាដែលសម្របសម្រួលដោយសហភាពអឺរ៉ុប ដែលជុំចុងក្រោយបំផុតដែលនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ដរាបណាបារាំង និងអាល្លឺម៉ង់ ត្រូវបានដកចេញពីការធ្វើជាអ្នកសម្របសម្រួល។
លោក អេលីន ស៊ុលីម៉ាណូវ (Elin Suleymanov) បានថ្លែងប្រាប់សារព័ត៌មាន The Telegraph ថា លោក អ៊ីលហាម អាលីយ៉េវ (Ilham Aliyev) ប្រធានាធិបតីអាស៊ែរបៃហ្សង់ នឹងត្រៀមខ្លួនជួបជាមួយលោក នីកូល ប៉ាស៊ីនយ៉ាន ( Nikol Pashinyan) នាយករដ្ឋមន្ត្រីអាមេនី ប្រសិនបើកិច្ចពិភាក្សាធ្វើឡើង ដោយលោក ឆាល មីឆែល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប៉ុន្តែមិនមែនលោកម៉ាក្រុងទេ។
លោក ស៊ុលីម៉ាណូវ ក៏បានបដិសេធផងដែរថា ទីក្រុងកំពង់ផែបាគូ គ្រោងនឹងឈ្លានពានប្រទេសអាមេនីបន្ទាប់ពីដណ្តើមយកបានតំបន់ណាហ្គូណ័រ-ការ៉ាបាក់ មកគ្រប់គ្រងវិញ កាលពីខែមុន។