លីបង់ ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសលីបង់ បានរាយការណ៍ថា កងទ័ពលីបង់ បានជួយសង្គ្រោះជនអន្តោប្រវេសន៍ជាង១០០នាក់ កាលពីថ្ងៃសុក្រ បន្ទាប់ពីទូករបស់ពួកគេមានបញ្ហាបច្ចេកទេសនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ពីឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសលីបង់។ ពុំមិនមាននរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះទេ។
ទីភ្នាក់ងារនេះ បាននិយាយថា ទូកដែលដឹកមនុស្ស១២៥នាក់ ដែលសុទ្ធសឹងជាជនជាតិស៊ីរី លើកលែងតែជនជាតិលីបង់ម្នាក់ បានអំពាវនាវរកជំនួយ បន្ទាប់ពីពួកគេប្រឈមមុខនឹងបញ្ហា ខណៈពេលដែលនៅជិតកោះ Palm ក្នុងដែនទឹកលីបង់។ ទីភ្នាក់ងារនេះ បានបន្ថែមថា ទូកនេះ ត្រូវបានអូសទៅកាន់កំពង់ផែទីក្រុងទ្រីប៉ូលីរបស់ប្រទេសលីបង់ ជាកន្លែងដែលជនអន្តោប្រវេសន៍ចំនួន បានទទួលជំនួយដំបូង។
កងទ័ព បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនអន្តោប្រវេសន៍រួមមានស្ត្រី៨នាក់ និងកុមារ២៤នាក់។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសលីបង់ជាប្រទេសទទួលជនភៀសខ្លួនពីតំបន់ ប៉ុន្តែចាប់តាំងពីការដួលរលំសេដ្ឋកិច្ចរបស់ប្រទេសតូចមួយនេះ បានចាប់ផ្តើម នៅក្នុងខែតុលា ឆ្នាំ ២០១៩ ប្រជាជនលីបង់ ស៊ីរី និងប៉ាឡេស្ទីនរាប់ពាន់នាក់ បានព្យាយាមធ្វើដំណើរដ៏គ្រោះថ្នាក់ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ដើម្បីទៅដល់អឺរ៉ុប ក្នុងគោលបំណងស្វែងរកស្ថិរភាព និងឱកាសការងារល្អប្រសើរ។

