ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស (ប៉ាឡេស្ទីន) បានបើកការវាយប្រហារដ៏ធំបំផុតមួយមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំ ទៅលើប្រទេសអ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃសៅរ៍ (៧ តុលា) ហើយបណ្ដាប្រទេសជាច្រើននៅលើពិភពលោក មានការផ្ទុះប្រតិកម្មជុំវិញជម្លោះនេះ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា «មិនមានហេតុផលសមស្របណាមួយសម្រាប់ការប្រព្រឹត្តអំពើភេរវកម្មនោះទេ ហើយយើងឈរក្នុងសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនអ៊ីស្រាអែល និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះជីវិតប្រជាជនអ៊ីស្រាអែលដែលបានបាត់បង់នៅក្នុងការវាយប្រហារទាំងនេះ។

បេសកជនសន្តិភាពមជ្ឈិមបូព៌ារបស់អង្គការសហប្រជាជាតិ លោក Tor Wennesland បាននិយាយថា «នេះគឺជាស្ថានភាពដ៏គ្រោះថ្នាក់ ហើយយើងសូមអំពាវនាវដល់ភាគីជម្លោះទាំងអស់ឱ្យដកថយចេញពីជ្រោះជ្រៅដ៏គ្រោះថ្នាក់នៅខាងមុខនេះ»។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ WAFA បានដកស្រង់ប្រសាសន៍ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ដោយបាននិយាយថា ប្រជាជនប៉ាឡេស្ទីនមានសិទ្ធិការពារខ្លួនប្រឆាំងនឹង «ភេរវករនៃអ្នកតាំងទីលំនៅ និងក្រុមកងទ័ពកាន់កាប់តំបន់ផងដែរ»។

ចំណែកនៅប្រទេសអ៊ីរ៉ង់វិញ ទីប្រឹក្សារបស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei កាលពីថ្ងៃសៅរ៍ បានអបអរសាទរដល់ក្រុមអ្នកប្រយុទ្ធប៉ាឡេស្ទីន សម្រាប់ការវាយប្រហារលើអ៊ីស្រាអែល នេះបើយោងតាមគេហទំព័រសារព័ត៌មានពាក់កណ្តាលផ្លូវការ ISNA បានរាយការណ៍ ហើយបានដកស្រង់សម្តីលោកទីប្រឹក្សា Yahya Rahim Safavi ថា «យើងនឹងគាំទ្រក្រុមអ្នកប្រយុទ្ធប៉ាឡេស្ទីន រហូតដល់ការរំដោះដែនដីប៉ាឡេស្ទីន និងទីក្រុងយេរូសាឡឹម»។
លើសពីនោះទៅទៀត មានប្រតិកម្មជាច្រើនផ្សេងទៀត ជុំវិញជម្លោះមួយនេះ ដែលក្នុងនោះមានដូចជា ប្រទេសអាល្លឺម៉ង់ បារាំង អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប កាណាដា អង់គ្លេស សហភាពអឺរ៉ុប ទួរគី កាតា រុស្ស៊ី អ៊ុយក្រែន ព្រមទាំងប្រទេសជាច្រើនទៀត។ ពួកគេទាំងនោះ បានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារភេរវកម្មបច្ចុប្បន្នរបស់ក្រុមហាម៉ាស ប្រឆាំងនឹងអ៊ីស្រាអែល ដោយអំពាវនាវឱ្យមានការអត់ធ្មត់ពីគ្រប់ភាគី និងគាំទ្រយ៉ាងពេញទំហឹងចំពោះសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល ផងដែរ៕
