ខណៈពេលអ៊ីស្រាអែល រងការវាយប្រហារដ៏សាហាវដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលបានបើកការវាយប្រហារជុំវិញតំបន់ហ្កាហ្សា និងបន្តវាយសម្រុកទៅមុខ ព្រមទាំងបានសម្លាប់ជនស៊ីវិលជាច្រើននាក់ នៅក្នុងទីប្រជុំជនអ៊ីស្រាអែលនោះ ប្រមុខក្រសួងការពារជាតិ បានប្រឈមមុខនឹងសំណួរកាន់តែច្រើនឡើង អំពីថាហេតុអ្វីបានជាគ្រោះមហន្តរាយនេះអាចកើតឡើងបាន ដោយនោះបង្ហាញពីចន្លោះប្រហោង នៃព័ត៌មានចារកម្មសម្ងាត់របស់អ៊ីស្រាអែល។
រយៈពេលមួយថ្ងៃបន្ទាប់ពីខួបលើកទី៥០ នៃការចាប់ផ្តើមនៃសង្រ្គាម Yom Kippur ឆ្នាំ១៩៧៣មក នៅពេលដែលកងកម្លាំងអ៊ីស្រាអែលត្រូវបានរងការវាយប្រហារដោយមិនបានត្រៀមខ្លួន ដោយកងរថក្រោះស៊ីរី និងអេហ្ស៊ីប យោធាអ៊ីស្រាអែលមួយនេះបានជួបប្រទះជាថ្មីម្តងទៀត នូវការវាយប្រហារភ្លាមៗដ៏គួរឲ្យភ្ញាក់ផ្អើល។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបាននិយាយថា ប្រទេសនេះនឹងមានការពិភាក្សាលើការរៀបចំស៊ើបការណ៍ចារកម្មស្ងាត់ «ក្នុងពេលខាងមុខ» ប៉ុន្តែសម្រាប់ពេលនេះ ការផ្តោតសំខាន់គឺទៅលើការប្រយុទ្ធ។
គួររម្លឹកផងដែរថា អ៊ីស្រាអែលតែងតែចាត់ទុកក្រុមហាម៉ាស់ ថាជាសត្រូវស៊ូពូជរបស់ខ្លួន ប៉ុន្តែចាប់តាំងពីការខូចខាតយ៉ាងធ្ងន់ធ្ងរលើតំបន់ហ្កាហ្សា ក្នុងសង្គ្រាមរយៈពេល ១០ថ្ងៃកាលពីឆ្នាំ ២០២១មក អ៊ីស្រាអែលបានសម្របខ្លួននឹងការគំរាមកំហែង ព្រមទាំងត្រៀមខ្លួន ដើម្បីរក្សាស្ថិរភាពនៅក្នុងតំបន់ហ៊ុមព័ន្ធមួយនេះផងដែរ៕