ទីភ្នាក់ងារពន្ធនាគារបាននិយាយថា បុរស៧នាក់ ដែលត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធក្នុងឃាតកម្មកាលពីខែសីហា របស់បេក្ខជនប្រធានាធិបតីប្រឆាំងអំពើពុករលួយរបស់អេក្វាឌ័រ លោក Fernando Villavicencio ត្រូវបានសម្លាប់នៅក្នុងពន្ធនាគារកាលពីថ្ងៃសុក្រ (៦ តុលា) រយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ មុនពេលការបោះឆ្នោតដ៏សំខាន់មួយ។
ជនរងគ្រោះ ៦នាក់ត្រូវបានសម្លាប់នៅពន្ធនាគារ Litoral Penitentiary ក្នុងទីក្រុង Guayaquil កាលពីថ្ងៃសុក្រ និងម្នាក់ទៀតត្រូវបានសម្លាប់នៅក្នុងពន្ធនាគារទីក្រុងគីតូ កាលពីថ្ងៃសៅរ៍។ ប្រធានាធិបតីអេក្វាឌ័រ លោក Guillermo Lasso បានប្រកាសកាលពីថ្ងៃសៅរ៍ អំពីការដកតំណែងមន្ត្រីពីររូប គឺប្រធានពន្ធនាគារ និងប្រធានអង្គភាពស៊ើបអង្កេតរបស់នគរបាល។
ការិយាល័យអគ្គមេធាវីរបស់ប្រទេសអេក្វាឌ័រ ក៏បានបើកការស៊ើបអង្កេតទៅលើទីភ្នាក់ងារពន្ធនាគាររបស់ប្រទេសនេះផងដែរ ដោយសារតែទីភ្នាក់ងារពន្ធនាគារ SNAI មួយនេះ មិនបានអនុវត្តដីកាសម្រេច ក្នុងការផ្ទេរជនសង្ស័យមួយរូបចុងក្រោយចេញ សម្រាប់ហេតុផលសុវត្ថិភាពដែលថា អ្នកទោសទាំងប្រាំមួយនាក់ ត្រូវបានសម្លាប់នៅពន្ធនាគារ Litoral Penitentiary កាលពីថ្ងៃសុក្រនោះទេ។
គួររម្លឹកផងដែរថា លោក Villavicencio ដែលធ្លាប់ជាអ្នកសារព័ត៌មានដ៏លេចធ្លោម្នាក់ ដោយបានលាតត្រដាងអំពើពុករលួយ និងឧក្រិដ្ឋកម្មមានអង្គការចាត់តាំង ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ខណៈពេលចាកចេញពីព្រឹត្តិការណ៍យុទ្ធនាការបោះឆ្នោតមួយ កាលពីខែសីហា៕


