ម៉ារ៉ុក ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ជួបជុំគ្នាក្នុងប្រទេសម៉ារ៉ុក នៅថ្ងៃចន្ទ (ទី៩ ខែតុលា) សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកដំបូងរបស់ពួកគេ នៅលើទឹកដីអាហ្វ្រិក ក្នុងរយៈពេល ៥០ឆ្នាំ ក្រោមសម្ពាធធ្វើកំណែទម្រង់ ដើម្បីជួយប្រទេសក្រីក្រ ដែលរងគ្រោះដោយសារបំណុល និងបម្រែបម្រួលអាកាសធាតុ។
មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក តាមទម្លាប់ រៀបចំការប្រជុំប្រចាំឆ្នាំរបស់ពួកគេនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ពួកគេ នាទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក រៀងរាល់ ៣ឆ្នាំម្តង។
ទីក្រុង Marrakesh ភាគខាងត្បូងនៃប្រទេសម៉ារ៉ុក ត្រូវបានគេសន្មត់ថា ជាម្ចាស់ផ្ទះ នៅឆ្នាំ២០២១ ប៉ុន្តែការជួបជុំនេះ ត្រូវបានពន្យារពេល ២ដង ដោយសារតែជំងឺរាតត្បាតកូវីដ-១៩។
ការរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលបានសម្លាប់មនុស្សជិត ៣.០០០នាក់ នៅក្នុងតំបន់ភាគខាងត្បូងនៃទីក្រុង Marrakesh កាលពីខែមុន បានគម្រាមកំហែងដល់ព្រឹត្តិការណ៍នេះម្តងទៀត ប៉ុន្តែរដ្ឋាភិបាលបានសម្រេចថា កិច្ចប្រជុំនេះអាចដំណើរការទៅមុខបាន។
គួរបញ្ជាក់ថា IMF និងធនាគារពិភពលោក បានបើកកិច្ចប្រជុំចុងក្រោយរបស់ពួកគេនៅទ្វីបអាហ្វ្រិក ក្នុងឆ្នាំ១៩៧៣ ដែលនៅពេលនោះប្រទេសកេនយ៉ាធ្វើជាម្ចាស់ផ្ទះ ហើយប្រទេសមួយចំនួននៅតែស្ថិតក្រោមអាណានិគមនៅឡើយ។ កន្លះសតវត្សរ៍ក្រោយមក ទ្វីបនេះជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន រាប់ចាប់ពីជម្លោះ ដែលមានការធ្វើរដ្ឋប្រហារយោធាជាបន្តបន្ទាប់ ភាពក្រីក្រមិនថមថយ រហូតដល់គ្រោះមហន្តរាយធម្មជាតិ៕

