ប្រទេសទាំងពីរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា អ៊ីរ៉ង់ និងស៊ូដង់ បានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទ ដើម្បីស្តារទំនាក់ទំនងការទូតឡើងវិញ រយៈពេល៧ឆ្នាំ បន្ទាប់ពីពួកគេត្រូវបានកាត់ផ្តាច់ និងបីខែបន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសរបស់ពួកគេ។

ប្រទេសស៊ូដង់ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងសង្រ្គាមដ៏បំផ្លិចបំផ្លាញនោះ បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ក្នុងឆ្នាំ ២០១៦បន្ទាប់ពីមានការវាយលុកចូលស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត នៅទីក្រុងតេអេរ៉ង់។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាក្នុងការបន្តទំនាក់ទំនងឡើងវិញ នៅខែមីនា ក្រោមកិច្ចព្រមព្រៀងមួយ ដែលបានចរចាដោយប្រទេសចិន ដោយបង្កើនការរំពឹងទុកថា ទីក្រុងតេអេរ៉ង់ និងប្រទេសអារ៉ាប់ផ្សេងទៀត នឹងបង្កើតទំនាក់ទំនងការទូតឡើងវិញយ៉ាងពេញលេញ។
សេចក្តីថ្លែងការណ៍នោះ បាននិយាយថា៖«សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ និងសាធារណរដ្ឋស៊ូដង់ បានសម្រេចចិត្តបន្តទំនាក់ទំនងការទូតឡើងវិញ ... ភាគីទាំងពីរ ក៏បានយល់ព្រមចាត់វិធានការចាំបាច់ ដើម្បីបើកស្ថានទូតរបស់ពួកគេ នាពេលខាងមុខ និងផ្លាស់ប្តូរគណៈប្រតិភូជាផ្លូវការ។
ក្រសួងការបរទេសស៊ូដង់ បាននិយាយថា ការសម្រេចចិត្តនេះ «បានកើតឡើង បន្ទាប់ពីទំនាក់ទំនងកម្រិតខ្ពស់ជាច្រើនរវាងប្រទេសទាំងពីរ ហើយនឹងបម្រើផលប្រយោជន៍ទៅវិញទៅមករបស់ពួកគេ»។

