
ភ្នំពេញ៖ ខណៈថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ ដើម្បីឱ្យទទួលបានជោគជ័យនៃយុទ្ធសាស្ត្រជាតិនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដាក់ចេញនៅយុទ្ធសាស្រ្ដគន្លឹះចំនួន ៥ ថែមទៀត ដើម្បីរក្សាបាននូវស្ថិរភាពជីវភាពរបស់អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសាងភាពធន់ទៅនឹងវិបត្តិសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញនូវយុទ្ធសាស្រ្ដគន្លឹះនេះ ក្នុងឱកាស អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្ដេចធិបតីថ្លែងថា យុទ្ធសាស្ត្រជាតិនេះមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ពង្រឹងភាពធន់តាមរយៈការផ្ដល់នូវការគាំពារសង្គម និងអត្ថប្រយោជន៍ផ្សេងៗព្រមទាំងអភិវឌ្ឍន៍វិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់។ យុទ្ធសាស្ត្រនេះ ក៏ជាផ្នែកមួយនៃចក្ខុវិស័យដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ផងដែរ។
សូមជម្រាបថា ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការអន្តរាគមន៍សង្គម-សេដ្ឋកិច្ចជាស៊េរី ដើម្បីរក្សាស្ថិរភាពជីវភាពរបស់អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសាងភាពធន់ទៅនឹង វិបត្តិសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ។
បើតាមរបាយការណ៍ការអង្កេតកម្លាំកពលកម្មកម្ពុជាឆ្នាំ២០១៩ កម្ពុជាមានកម្លាំងពលកម្មប្រមាណ ៧,៩ លាននាក់ ដោយក្នុងនោះ ២១,៥% (ឬ ១,៧ លាននាក់) ធ្វើការក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ខណៈដែលកម្លាំងពលកម្មដ៏ច្រើន គឺ ៦,២ លាននាក់ធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕
អត្ថបទ៖ វ៉ន ដារ៉ា