ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងកាលពីថ្ងៃអង្គារ បានស្តីបន្ទោសអ៊ីស្រាអែលជុំវិញការបង្កការបង្ហូរឈាមនៅក្នុងតំបន់ហ្គាហ្សា ដោយបាននាំឲ្យមានការប៉ះទង្គិចគ្នាផ្នែកយោធារវាងអ៊ីស្រាអែល និងក្រុមឥស្លាមហាម៉ាស ជាលើកដំបូង។

សារព័ត៌មាន Rodong Sinmun ដែលជាកាសែតរបស់គណបក្សពលករដែលកំពុងកាន់អំណាច បានចុះផ្សាយអត្ថបទខ្លីមួយស្តីពីជម្លោះ និងអ្នកស្លាប់និងរបួស ដោយដកស្រង់ពីប្រព័ន្ធផ្សព្វផ្សាយបរទេស។
សារព័ត៌មាននេះ បាននិយាយថា៖«សហគមន៍អន្តរជាតិ បានអះអាងថា ការប៉ះទង្គិចគ្នានេះ គឺជាលទ្ធផលនៃអំពើឧក្រិដ្ឋកម្មឥតឈប់ឈររបស់អ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ហើយមធ្យោបាយជាមូលដ្ឋានដើម្បីចាក់ចេញពីវិបត្តិនេះ គឺត្រូវបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ»។

អំពើហិង្សា ដែលបានបណ្តាលឲ្យមនុស្សជាង ១.៥០០នាក់ស្លាប់ បានជំរុញឲ្យមានការប្រកាសពីអន្តរជាតិនូវការគាំទ្រដល់អ៊ីស្រាអែល និងការអំពាវនាវឲ្យបញ្ចប់ការប្រយុទ្ធគ្នានេះ និងការការពារជនស៊ីវិល បន្ទាប់ពីការវាយប្រហារដ៏បំផ្លិចបំផ្លាញកាលពីចុងសប្តាហ៍មុន ដោយក្រុមហាម៉ាស់។