បារាំង ៖ មនុស្សរាប់សែននាក់នៅក្នុងបណ្ដាប្រទេសជាច្រើនដូចជា បារាំង កាណាដា អូស្ត្រាលី សហរដ្ឋអាមេរិក បែលហ្សិក ក្រិក អេស្បាញ កូឡុំប៊ី អាហ្សង់ទីន ហ្ស៊កដានី និងប្រទេសជាច្រើនទៀត បានប្រមូលផ្តុំគ្នាតវ៉ា ខណៈអ្នកខ្លះគាំទ្រអ៊ីស្រាអែល ហើយអ្នកខ្លះទៀតគាំទ្រប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហារជាច្រើនលើកកាលពីចុងសប្តាហ៍ទៅលើអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស។
ក្រុមបាតុករ ដែលគាំទ្រប៉ាឡេស្ទីន បានប្រមូលផ្តុំគ្នា និងគ្រវីទង់ជាតិប៉ាឡេស្ទីន ដើម្បីគាំទ្រតំបន់ហ្គាហ្សា ខណៈពេលដែលនិយាយថា ប៉ាឡេស្ទីនគឺជាអ្នកដែល «រងគ្រោះខ្លាំងបំផុត» សម្រាប់ជម្លោះដែលបន្តអស់រយៈពេលជាច្រើនទសវត្សរ៍មកទៀត។
ចំណែកឯក្រុមបាតុករគាំទ្រអ៊ីស្រាអែលវិញ ក៏បានប្រមូលផ្តុំគ្នាដើម្បីបង្ហាញពីសាមគ្គីភាពជាមួយរដ្ឋជ្វីហ្វមួយនេះ ដោយនិយាយថា អ៊ីស្រាអែលមានសិទ្ធិក្នុងការការពារខ្លួន ហើយអំពើហឹង្សាមិនមែនជាដំណោះស្រាយនោះទេ។
កាលពីចុងសប្តាហ៍ ខ្មាន់កាំភ្លើងក្រុមហាម៉ាស់ បានសម្រុកចូលរបងពីតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍ (៧ តុលា) ដោយបានសម្លាប់ទាហាន និងជនស៊ីវិលអ៊ីស្រាអែល ព្រមទាំងចាប់ចំណាប់ថ្នូររាប់សិបនាក់ត្រឡប់ទៅតំបន់ឆ្នេរហ៊ុមព័ទ្ធវិញ។
អ៊ីស្រាអែលបានឆ្លើយតបទៅវិញដោយការវាយប្រហារតាមអាកាសដោយទម្លាក់គ្រាប់បែកច្រើនបំផុតរបស់ខ្លួនទៅលើតំបន់ហ្គាហ្សា ហើយក៏កំពុងគិតពីការវាយលុកលើទឹកដីគោក ដែលខ្លួនបានដកទ័ពចេញពីជិតពីរទសវត្សរ៍មុន បន្ទាប់ពីការកាន់កាប់អស់រយៈពេល ៣៨ឆ្នាំមកផងដែរ៕

