ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខណ្ឌច្បារអំពៅ ដោយមានការចូលរួមពីកម្លាំងអាជ្ញាធរចម្រុះ មានមន្ត្រីរាជការ កងកម្លាំងទាំង២ប្រភេទ ក៏ដូចជាក្រុមយុវជន ស.ស.យ.ក បានរៀបចំទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ « ទេសចរណ៍ និងការវិនយោគបៃតង » ។
លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអាននូវសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើប្រធានបទ « ទេសចរណ៍ និងការវិនិយោគបៃតង » ដែលសុទ្ធ សឹងជាអនុសាសន៍ដល់ខ្ពង់ខ្ពស់ និងផ្តល់នូវអត្ថន័យដ៏ជ្រាលជ្រៅ ជូនដល់ប្រជាពលរដ្ឋក្នុងប្រទេសជាតិទាំងមូល លើការបន្តកែប្រែមុខមាត់ប្រទេស ឈានទៅរកការអភិវឌ្ឍផ្នែកទេសចរណ៍ជាតិ ឱ្យកាន់តែខ្លាំងក្លា និងកើនឡើងជាលំដាប់ ។
លោកអភិបាលខណ្ឌ បានបន្តថា ទិវាទេសចរណ៍ពិភពលោកនេះ គឺយុទ្ធនាការសំខាន់សម្រាប់អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានកាតព្វកិច្ចត្រូវចុះសម្អាតបរិស្ថានអនាម័យក្នុងសង្គមឱ្យបានល្អប្រសើរ ប្រកបដោយសោភណ្ឌភាព ដើម្បីប្រែក្លាយមុខមាត់ប្រទេសជាតិ ឱ្យក្លាយទៅជាទីក្រុងបៃតង ។
សូមបញ្ជាក់ថា ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ « ទេសចរណ៍ និងការវិនយោគបៃតង » ខាងលើនេះ គឺនឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី២៧ ខែកញ្ញា ជារៀងរាល់ឆ្នាំ ផងដែរ ៕ លីហេង