បេសកជនប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារបានហៅការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា ហើយបានប្តេជ្ញាថានឹងឡោមព័ទ្ធទាំងស្រុងលើតំបន់ប៉ាឡេស្ទីនដែលគ្រប់គ្រងដោយក្រុមហាម៉ាសថា ទង្វើនេះ មិនខុសអីពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍នោះទេ។
ក្រុមសកម្មប្រយុទ្ធហាម៉ាសបានបើកការវាយប្រហារដ៏សាហាវបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ទី៧ខែតុលា នៅពេលក្រុមខ្មាន់កាំភ្លើងបានវាយលុកលើទីក្រុងជាច្រើនរបស់អ៊ីស្រាអែលដោយបានសម្លាប់មនុស្សជាង ១.០០០ នាក់ និងចាប់ចំណាប់ថ្នូរជាច្រើននាក់ទៅកាន់តំបន់ហ្គាហ្សា។ អ៊ីស្រាអែលបានសងសឹកដោយការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សាដែលបានវាយលុកតំបន់នានាទាំងមូល ខណៈខ្លួនត្រៀមខ្លួនសម្រាប់ការវាយលុកលើដីដែលអាចកើតមាន។

ជម្លោះនេះបានធ្វើឲ្យចំនួនអ្នកស្លាប់ទាំងសងខាងកើនឡើង។ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍កាលពីថ្ងៃអង្គារថាចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានកើនឡើងជាង ៩០០នាក់ និងជាង៤ពាន់នាក់រងរបួស ចំណែកឯការស្លាប់របស់ជនជាតិអ៊ីស្រាអែលវិញបានកើនឡើងជាង ១ពាន់នាក់ចាប់តាំងពីថ្ងៃសៅរ៍មក។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្គាឡិន (Yoav Gallant) បានទាក់ទាញការថ្កោលទោសជាអន្តរជាតិ ដោយបានប្រកាសកាលពីថ្ងៃចន្ទនូវ ការបិទតំបន់ហ្គាហ្សាទាំងស្រុង ដើម្បីបញ្ឈប់ការដឹកជញ្ជូនអាហារ និងឥន្ធនៈទៅដល់តំបន់ហ្គាហ្សា ដែលជាផ្ទះរបស់ប្រជាជនប្រមាណ ២,៣ លាននាក់។ លោក Gallant បាននិយាយថា អ៊ីស្រាអែលកំពុងប្រយុទ្ធជាមួយក្រុមមនុស្សដ៏កាចសាហាវ។
យោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Reuters លោក រីយ៉ាតម៉ាន់សួរ(Riyad Mansour) បេសកជននៃអង្គការសហប្រជាជាតិរបស់អង្គការសហប្រជាជាតិ បានសរសេរក្នុងលិខិតមួយផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ការបំផ្លិចបំផ្លាញមនុស្សជាតិ និងការប៉ុនប៉ងទម្លាក់គ្រាប់បែកលើប្រជាជនឱ្យចុះចូល ប្រើប្រាស់ភាពអត់ឃ្លានជាវិធីសាស្រ្តនៃសង្គ្រាម និងដើម្បីលុបបំបាត់ការតាំងនៅនៃរដ្ឋរបស់ពួកគេ គឺមិនខុសអីពការប្រល័យពូជសាសន៍នោះទេ។ លោកបានសរសេរថា ទង្វើទាំងនេះជាឧក្រិដ្ឋកម្មសង្គ្រាម៕

