ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រញាប់ប្រញាល់ចូលទៅក្នុងតំបន់កណ្តាលប្រទេសអាហ្សង់ទីន កាលពីថ្ងៃអង្គារ (១០ តុលា) ដើម្បីទប់ទល់នឹងចំហេះព្រៃ ដែលបានបង្ខំឱ្យមានការជម្លៀសប្រជាជនរាប់សិបគ្រួសារចាប់តាំងពីថ្ងៃចន្ទមក។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រជាពលរដ្ឋជាង ២០គ្រួសារ នៅក្នុងតំបន់ប្រជុំជន វីឡា ខាឡូស ប៉ាស (Villa Carlos Paz) ក្នុងខេត្តខូដូបា (Cordoba) បានចាកចេញពីលំនៅឋានរបស់ពួកគេកាលពីថ្ងៃអង្គារ ដើម្បីទៅជ្រកកោននៅក្នុងអគារកីឡាសាធារណៈ ខណៈដែលចំហេះព្រៃបានឆាបឆេះនៅជិតតំបន់លំនៅដ្ឋានរបស់ពួកគេ។

អភិបាលខេត្តខូដូបា លោក វ៉ាន់ អេសស្កែរ៉ាទី (Juan Schiaretti) បានជូនដំណឹងនៅលើបណ្ដាញសង្គម X ដែលកាលពីមុនឈ្មោះ Twitter ថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនពីបទបង្កចំហេះព្រៃនេះ។
ក្រុមពន្លត់អគ្គិភ័យជិត ១.០០០នាក់ បានធ្វើប្រតិបត្តិការយ៉ាងសស្រាក់សស្រាំដើម្បីពន្លត់អណ្តាតភ្លើង រួមជាមួយនឹងយន្តហោះពន្លត់អគ្គិភ័យចំនួនប្រាំបីគ្រឿង និងឧទ្ធម្ភាគចក្រចំនួនពីរគ្រឿងទៀតផងដែរ៕