អាហ្វហ្គានីស្ថាន ៖ មន្ទីរពេទ្យជាច្រើន នៅប្រទេសអាហ្វហ្គានីស្ថានភាគខាងលិច មានអ្នកជំងឺច្រើនលើសលប់រួចទៅហើយ ខណៈអ្នករងរបួសរាប់ពាន់នាក់មកពីតំបន់រងគ្រោះរញ្ចួយដី កំពុងចូលមកដើម្បីព្យាបាល។
យោងតាមទិន្នន័យចុងក្រោយ ដែលចេញផ្សាយដោយ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិអាហ្វហ្គានីស្ថាន បានឲ្យដឹងថា រញ្ជួយដីខ្លាំងចំនួន២លើក ដែលទាំងពីរលើកនេះមានកម្រិត៦,២រិចទ័រ បានធ្វើឲ្យរង្គើរខេត្តHerat ខេត្តBadghis និងខេត្តFarah ព្រមទាំងនៅតំបន់ជាប់គ្នាៗកាលពីថ្ងៃសៅរ៍ បណ្កាលឲ្យមនុស្សជាង៤.០០០នាក់ស្លាប់និងរងរបួស។
ដោយប្រឈមទៅនឹងចំនួនអ្នករងរបួសច្រើនមកពីតំបន់រងគ្រោះរញ្ជួយដី មន្ទីរពេទ្យនានា នៅពេលបច្ចុប្បន្ននេះ ស្ថិតក្រោមសម្ពាធអ្នកជំងឺច្រើនលើសលប់។
អ្នកទទួលខុសត្រូវនៅមន្ទីពេទ្យប្រចាំតំបន់ ខេត្ត Herat បាននិយាយថា ជនរងគ្រោះភាគច្រើននៃការរញ្ជួយដីដ៏មហន្តរាយ គឺជាស្ត្រីនិងកុមារ។ បច្ចុប្បន្ននេះ អ្នករងរបួសប្រមាណ២៥០នាក់ បានស្នាក់នៅក្នុងតង់បណ្តោះអាសន្ន។
នៅខាងក្រៅតង់ បុរសម្នាក់ក្នុងវ័យ៦០ឆ្នាំ មកពីតំបន់ Zindajan ជាចំណុចកណ្តាលនៃការរញ្ជួយដី បាននិយាយថា កូនស្រីរបស់គាត់ បានរងរបួសដោយរញ្ជួយដីនេះ ហើយពេលនេះកំពុងព្យាបាលនៅមន្ទីរពេទ្យ។ លោកនិយាយថា លោកមិនដែលជួបប្រទះរញ្ជួយដីខ្លាំងបែបនេះទេពីមុនមក។

